លោកឧកញ៉ា សុខ ប៊ុន នាយកក្រុមហ៊ុន TEHO-SBG Development Co., Ltd. ដែលជាប់ចោទពីបទប្រើអំពើហិង្សាដោយចេតនាទៅលើកញ្ញា ឯក សុជាតា ហៅ សាសា អតីតពិធីការិនីស្ថានីយ៍ទូរទស្សន៍ CTN កាលពីវេលាម៉ោង០១និង១២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥នោះ ត្រូវបានលោក លាង សំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ធនាគារព្រៃសហើយនារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ ដើម្បីចាត់នីតិវិធីស៊ើបសួរបន្ត បន្ទាប់ពីមានប្រតិកម្មរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥រួចមក ។
ក្នុងសំណុំរឿងប្រព្រឹត្តអំពើហិង្សាទៅលើកញ្ញា សាសា លោកឧកញ៉ា សុខ ប៊ុន ត្រូវបានលោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរចោទប្រកាន់ពីបទហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចក្លឹបកម្សាន្តយីហោ ឡាហ្គេនបារ ឋិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ ជាបទល្មើសផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២១៨នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ពោលគឺលោកឧកញ៉ា សុខ ប៊ុន បានជាប់ឈ្មោះជាជនត្រូវចោទនៅស្ថាប័នតុលាការ ៕