លោកឧកញ៉ា សុខ ប៊ុន ដែលប្រព្រឹត្តអំពើហិង្សាទៅលើកញ្ញា ឯក សុជាតា ហៅសាសា អតីតពិធីការិនីស្ថានីយ៍ទូរទស្សន៍ CTN ឡើងកក្រើកផ្ទៃប្រទេស ដោយសារមានប្រតិកម្មពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងនោះ បានសម្រេចចិត្តចាកចេញពីបរទេសវិលត្រឡប់ចូលមកមាតុភូមិវិញយ៉ាងតក់ក្រហល់ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ គឺមុនពេលកំណត់ដែលបានប្រកាសថា នឹងចូលស្រុកខ្មែរនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ខាងមុខ ដើម្បីចូលខ្លួនមកដោះស្រាយចំពោះមុខច្បាប់ តាមការប្រកាសរបស់បុរសខ្លាំង ។
សមត្ថកិច្ចបានបញ្ជូនខ្លួនលោកឧកញ៉ា សុខ ប៊ុន ដែលជាប់ឈ្មោះជាជនត្រូវចោទ ក្នុងសំណុំរឿងប្រព្រឹត្តអំពើហិង្សាដោយចេតនា និងដោយមានស្ថានទម្ងន់ទោសទៅលើកញ្ញា សាសា នោះ មកដល់សាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរនៅវេលាម៉ោងប្រមាណ០៩និង៣០នាទីព្រឹកនាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ ប៉ុន្តែគេមិនទាន់បានដឹងលទ្ធផលថា តើចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនឹងសម្រេចឃុំខ្លួន ឬមិនឃុំខ្លួនជនត្រូវចោទឈ្មោះ សុខ ប៊ុន បណ្តោះអាសន្នឬយ៉ាងណានោះទេ ។
មជ្ឈដ្ឋាននានាកំពុងដាក់ជាសំណួរថា តើលោកឧកញ៉ា សុខ ប៊ុន ដែលជាប់ឈ្មោះជាជនត្រូវចោទនៅស្ថាប័នតុលាការ អាចស្គាល់រសជាតិជាប់គុកដែរឬទេ ក្នុងសំណុំរឿងប្រព្រឹត្តអំពើហិង្សាទៅលើកញ្ញា សាសា ដែលគេស្គាល់ថា មានឪពុកជាឧកញ៉ា គឺលោកឧកញ៉ា អ៊ុត ធី ដែរនោះ ? ៕