សំណុំរឿងទណ្ឌិត ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតនៃខេត្តស្វាយរៀង ពាក់ព័ន្ធនឹងការបាញ់ប្រហារទៅលើកម្មការិនីចំនួន៣នាក់ បម្រើការងារនៅរោងចក្រផលិតស្បែកជើងកៅវ៉េ (Kao Way) ឋិតក្នុងតំបន់សេដ្ឋកិច្ចពិសេសបាវិត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរសឹងបាត់បង់ជីវិត កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២កន្លងទៅនោះ ត្រូវបានមជ្ឈដ្ឋាននានា រួមទាំងប្រិយមិត្តអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមផង លើកមកនិយាយឡើងវិញ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ចេញប្រតិកម្មទៅនឹងករណីលោកឧកញ៉ា សុខ ប៊ុន ដែលបានប្រព្រឹត្តអំពើហិង្សាទៅលើកញ្ញា ឯក សុជាតា ហៅ សាសា អតីតពិធីការិនីស្ថានីយ៍ទូរទស្សន៍ CTN ជាបន្តបន្ទាប់រួចមក ។
ការថ្លែងប៉ុន្មានម៉ាត់របស់បុរសខ្លាំង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅថ្មីៗ ធ្វើឲ្យលោកឧកញ៉ា សុខ ប៊ុន ដែលកំពុងឋិតនៅឯបរទេស ក្នុងបំណងគេចវេះពីការតាមចាប់ខ្លួនដោយសមត្ថកិច្ចនោះ ត្រូវបានភាគីពាក់ព័ន្ធខ្នះខ្នែងតាមស្វែងរកចាប់ខ្លួនលោកឧកញ៉ា សុខ ប៊ុន រហូតដល់បរទេស តាមរយៈប៉ូលិសអាំងទែប៉ូល ហើយក៏បានជំរុញឲ្យលោកឧកញ៉ា សុខ ប៊ុន សម្រេចចិត្តវិលត្រឡប់ចូលមកមាតុភូមិវិញយ៉ាងតក់ក្រហល់ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ គឺមុនកាលកំណត់ ដែលប្រកាសថា នឹងវិលចូលមកនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ខាងមុខ ។
ដោយឡែក ករណីលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលជាមន្ត្រីរាជការ ត្រូវបានស្ថាប័នតុលាការកំពូលវិនិច្ឆ័យសេចក្តីនាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់១៨ខែ ពីបទបង្ករបួសស្នាមដោយអចេតនា និងបង្គាប់ឲ្យបង់ប្រាក់ចំនួន៣៨លានរៀល ឲ្យទៅជនរងគ្រោះជាកម្មការិនីចំនួន៣នាក់ជាដើមបណ្តឹងរដ្ឋប្បវេណី ព្រមទាំងបង្គាប់ឲ្យសមត្ថកិច្ចសាធារណៈតាមស្វែងរកចាប់ខ្លួនតាំងពីពាក់កណ្តាលឆ្នាំ២០១៣រួចហើយនោះ បែរជាត្រូវបានបុរសខ្លាំងមើលរំលង មិនបញ្ចេញប្រតិកម្មមួយម៉ាត់សោះ ទុកឱកាសឲ្យទណ្ឌិត ឈូក បណ្ឌិត ទទួលបានសេរីភាពឋិតនៅក្រៅពន្ធនាគារដើម្បីអនុវត្តន៍ទោស អស់រយៈពេលជាច្រើនឆ្នាំទៅវិញ និងជនរងគ្រោះទាំង៣នាក់ក៏មិនទាន់បានទទួលសំណងរដ្ឋប្បវេណីពីជនប្រព្រឹត្តល្មើសផងដែរ ។
មជ្ឈដ្ឋានអ្នកច្បាប់ និងអ្នកតាមដានសំណុំរឿងលោក ឈូក បណ្ឌិត បានលើកឡើងថា ទោះបីលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ក្លាយទៅជាទណ្ឌិតតាមអំណាចសាលដីកាព្រហ្មទណ្ឌរបស់តុលាការកំពូលរួចហើយក៏ដោយ ក៏ទណ្ឌិតរូបនេះទទួលបាននូវភ័ព្វសំណងចំនួន២ទល់សព្វថ្ងៃ គឺ ៖ ១-មិនត្រូវបានសមត្ថកិច្ចចាប់ខ្លួនយកមកឲ្យអនុវត្តន៍ទោសនៅក្នុងពន្ធនាគារ និង២-មិនត្រូវបានរាជរដ្ឋាភិបាលលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលនៅឡើយ ។
ក្រុមអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានធ្វើការពន្យល់ថា អនុលោមតាមបញ្ញត្តិមាត្រា៥៣ កថាខណ្ឌទី២ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា "ការផ្តន្ទាទោសជាបទឧក្រិដ្ឋ ឬជាបទមជ្ឈិមដោយឥតព្យួរទោស បណ្តាលឲ្យមានការហូតងារអ្នករាជការនោះ គិតពីថ្ងៃសាលក្រមចូលជាស្ថាពរ ។ " ដូច្នេះ លោក ឈូក បណ្ឌិត ដែលក្លាយជាទណ្ឌិតទៅហើយនោះ ត្រូវតែលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ។
ក្រុមអ្នករិះគន់មួយចំនួនបាននិយាយលើកឡើងពាក់ព័ន្ធទៅនឹងករណីទណ្ឌិត ឈូក បណ្ឌិត ថា "ឈូក បណ្ឌិត មានបុណ្យស័ក្តិតូចមែន ប៉ុន្តែមានខ្នងការពារធំ ឬក្រាស់អាចយ៉ាងហោចណាស់ក៏ថ្នាក់ឧបនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលដែរ " ។
លោក ឈូក បណ្ឌិត ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ១០ ធ្លាប់ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលក្រុងបាវិតនៃខេត្តស្វាយរៀង ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៧២៧អនក្រ.តត ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៩ និងក្រោយមក ត្រូវបានដកហូតមុខតំណែងនេះឲ្យមកបម្រើការងារនៅសាលាខេត្តស្វាយរៀងវិញ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ២៥៩អនក្រ.តត ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១២ បន្ទាប់ពីមានរឿងអាស្រូវបាញ់ប្រហារទៅលើកម្មការិនីរោងចក្រស្បែកជើងកៅវ៉េ ពេលកំពុងធ្វើកូដកម្ម-បាតុកម្មទាមទារលក្ខខណ្ឌការងារ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ បណ្តាលឲ្យកម្មការិនីចំនួន៣នាក់រងរបួសធ្ងន់ធ្ងរសឹងបាត់បង់ជីវិត ៕