អគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញឲ្យដឹងថា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនឹងបើកកិច្ចប្រជុំពេញអង្គលើកទី២៦ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈ ប្រព្រឹត្តទៅនៅក្នុងព្រះបរមរាជវាំង នៅវេលាព្រឹកនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ស្អែកនេះ ដើម្បីពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៩ រួមមាន ៖
១-របាយការណ៍ស្តីពីសកម្មភាពការងាររបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អង្គការតុលាការ និងអង្គការអយ្យការនៃព្រះរាជាណាចក្រកម្ពុជាប្រចាំឆ្នាំ២០១៤ ។
២-របាយការណ៍ស្តីពីសកម្មភាពការងាររបស់សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចន្លោះសម័យប្រជុំលើកទី២៦ ។
៣-ពិនិត្យ និងសម្រេចអំពីការតែងតាំងសហប្រធានក្រុមអធិការកិច្ចនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសមាសភាពនៃក្រុមអធិការកិច្ចនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។
៤-ពិនិត្យ និងសម្រេចអំពីការបែងចែកជំនាញ និងទីកន្លែងបំពេញការងារសម្រាប់សិស្សចៅក្រមជំនាន់ទី៦សាលាភូមិន្ទចៅក្រម នៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ។
៥-ពិនិត្យ និងសម្រេចអំពីការផ្លាស់ប្តូរចៅក្រមតាមវេន៤ឆ្នាំម្តង ។
៦-ពិនិត្យ និងសម្រេចអំពីការតែងតាំងប្រធាន អនុប្រធាននៃសាលាជម្រះក្តីមួយចំនួន ។
៧-ពិគ្រោះយោបល់លើសំណើតែងតាំង ផ្លាស់ប្តូរ និងផ្ទេរភារកិច្ចព្រះរាជអាជ្ញាមួយចំនួន ។
៨-ពិនិត្យ និងសម្រេចលើសំណើសុំអនុញ្ញាតច្បាប់សម្រាកពីការងាររយៈពេល១ឆ្នាំរបស់លោក យូ ប៊ុនណា ចៅក្រមសាលាឧទ្ធរណ៍ ដែលត្រូវចេញទៅបន្តការសិក្សា ។
៩-បញ្ហាផ្សេងៗ ។
គួរបញ្ជាក់ជូនថា ក្រោយពីច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៧១៤/០១៧ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ គឺឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលមានសមាសភាពចំនួន១១រូប ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខនស/រកត/១១១៤/១៣៦២ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ៕