យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយលេខ៨៦អនក្រ.បក ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកំណត់ល្បឿនសម្រាប់យានជំនិះ ។ មាត្រា៥នៃអនុក្រឹត្យស្តីពីការកំណត់ល្បឿនសម្រាប់យានជំនិះនេះ បានចែងថា ៖
១-អ្នកបើកបរត្រូវប្រើប្រាស់ល្បឿនស្របតាមស្លាកសញ្ញាកំណត់ល្បឿនអតិបរមានៅតាមដងផ្លូវ
២-នៅកន្លែងដែលពុំមានស្លាកសញ្ញាកំណត់ល្បឿន អ្នកបើកបរត្រូវប្រើប្រាស់ល្បឿនអតិបរមាដូចខាងក្រោម ៖
ក-នៅក្នុងទីប្រជុំជនល្បឿនអតិបរមាត្រូវកំណត់ត្រឹម ៖ -៣០គីឡូម៉ែត្រក្នុង១ម៉ោងសម្រាប់ទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត ត្រាក់ទ័រ យានយន្តកសិកម្ម និងសម្រាប់យានយន្តុបករណ៍ដែលមានល្បឿនអតិបរមាត្រឹម៤០គីឡូម៉ែត្រក្នុង១ម៉ោង ។ -៤០គីឡូម៉ែត្រក្នុង១ម៉ោងសម្រាប់រថយន្តគ្រប់ប្រភេទ និងសម្រាប់យានយន្តុបករណ៍ដែលមានល្បឿនអតិបរមាលើស៤០គីឡូម៉ែត្រក្នុង១ម៉ោង ។
ខ-នៅក្រៅទីប្រជុំជន ល្បឿនអតិបរមាត្រូវកំណត់ត្រឹម ៖ -៤០គីឡូម៉ែត្រក្នុង១ម៉ោងសម្រាប់ត្រីចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រាក់ទ័រ យានយន្តកសិកម្ម និងយានយន្តុបករណ៍ដែលមានល្បឿនអតិបរមាត្រឹម៤០គីឡូម៉ែត្រក្នុង១ម៉ោង ។ -៦០គីឡូម៉ែត្រក្នុង១ម៉ោងសម្រាប់ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងមិនលើសពី១២៥សង្ទីម៉ែត្រគូប យានយន្តុបករណ៍ដែលមានល្បឿនអតិបរមាលើស៤០គីឡូម៉ែត្រក្នុង១ម៉ោង យន្តសណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក និងរថយន្តដឹកកុងតឺន័រគ្រប់ប្រភេទ ។ -៧០គីឡូម៉ែត្រក្នុង១ម៉ោងសម្រាប់ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងលើសពី១២៥សង្ទីម៉ែត្រគូប និងរថយន្តដឹកទំនិញធុនធ្ងន់ ។ -៨០គីឡូម៉ែត្រក្នុង១ម៉ោងសម្រាប់រថយន្តធុនស្រាល និងរថយន្តដឹកអ្នកដំណើរ ។ -៩០គីឡូម៉ែត្រក្នុង១ម៉ោងសម្រាប់រថយន្តធុនស្រាលនិងរថយន្តដឹកអ្នកដំណើរបើកបរនៅលើផ្លូវដែលមានខឿនបែងចែកទិសចរាចរណ៍ជាពីរហើយមានគន្លងផ្លូវចាប់ពី៤ឡើងទៅ។
បទប្បញ្ញត្តិដែលមានចែងក្នុងចំណុចទី១ និងចំណុចទី២នៃមាត្រា៥នៃអនុក្រឹត្យស្តីពីការកំណត់ល្បឿនសម្រាប់យានជំនិះនេះ មិនអនុវត្តន៍ចំពោះអ្នកបើកបរយានយន្តក្បួននគរបាល យោធា កងរាជអាវុធហត្ថ គណៈប្រតិភូ ថ្នាក់ដឹកនាំជាន់ខ្ពស់ យានយន្តពន្លត់អគ្គិភ័យ យានយន្តសង្គ្រោះរបស់មន្ទីរពេទ្យ និងយានខ្លះទៀតដែលមានការអនុញ្ញាតឲ្យបន្លឺសូរស័ព្ទ ភ្លើងសញ្ញាពិសេសនៅពេលកំពុងបំពេញភារកិច្ចឡើយ ៕