នៅទីបំផុត ក្រុមគ្រួសារលោកឧកញ៉ា សុខ ប៊ុន បានប្រកាសនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥នេះឲ្យដឹងថា លោកឧកញ៉ា សុខ ប៊ុន ដែលកំពុងឋិតនៅឯបរទេសនោះ នឹងសម្រេចចិត្តត្រូវវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ខាងមុខ ដែលការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ឲ្យលោកឧកញ៉ា សុខ ប៊ុន ឆាប់ចេញមុខមកដោះស្រាយតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាលើកញ្ញា ឯក សុជាតា ហៅសាសា អតីតពិធីការិនីស្ថានីយ៍ទូរទស្សន៍ CTN ។
បុរសខ្លាំងបានប្រកាសថា លោក សុខ ប៊ុន ត្រូវចេញមុខឲ្យលឿនប្រយ័ត្នជាប់ខ្នោះដោយសារមកយឺតពេល ។ លើសពីនេះ បុរសខ្លាំងបានថ្លែងបញ្ជាក់ដែរថា ទោះបីកញ្ញា សាសា ព្រមព្រៀងសម្របសម្រួលនៅក្រៅប្រព័ន្ធតុលាការក៏ដោយ ក៏មិនអាចបញ្ចប់បញ្ហានេះបានដែរ ព្រោះវាជារឿងព្រហ្មទណ្ឌ ហើយសម្តេចក៏មិនលើកលែងដាច់ខាតចំពោះអ្នកមានអំណាចដែលកំពុងរត់ការដើម្បីបញ្ចប់រឿងករណីអំពើហិង្សាចំពោះស្ត្រីទន់ខ្សោយនេះដែរ ៕