តាមរយៈបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយម ឯកឧត្តម ឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភានីតិកាលទី៣នៃព្រះរាជាណាចក្រកម្ពុជា មកពីគណបក្សប្រជាជនកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានរំលឹកអំពីប្រវត្តិការងារត្រួសៗរបស់លោកឧកញ៉ា អ៊ុត ធី ត្រូវជាឪពុករបស់កញ្ញា ឯក សុជាតា ហៅសាសា អតីតពិធីការិនីស្ថានីយ៍ទូរទស្សន៍ CTN ដែលទទួលរងការប្រើអំពើហិង្សាយ៉ាងចាស់ដៃពីសំណាក់លោកឧកញ៉ា សុខ ប៊ុន កក្រើកពេញផ្ទៃប្រទេសនោះ ដូចខាងក្រោម ៖
នាទសវត្សរ៍ឆ្នាំ៩០ លោក អ៊ុត ធី គឺជាប្រធានការដ្ឋានសំណង់នៃក្រុមហ៊ុនសំណង់ក្មេងវត្ត លើការអនុវត្តន៍គម្រោងសាងសង់សាលារៀនដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ។
ក្រោយមកទៀត លោក អ៊ុត ធី បានបើកកសិដ្ឋានចិញ្ចឹមជ្រូកនៅខាងលិចផ្លូវជាតិលេខ៣ ខាងត្បូងផ្សារត្រាំខ្នា និងក្នុងខណៈនោះដែរ លោក អ៊ុត ធី មានរោងចក្រកិនថ្មជាច្រើនកន្លែងនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅខេត្តកំពត និងនៅខេត្តមណ្ឌលគិរី ។
លោក អ៊ុត ធី រៀនសូត្របានតិចតួច តែមិនដែលមានរឿងអាស្រូវជំពាក់លុយគេក្នុងមុខរបរជំនួញហើយមិនសងម្ចាស់បំណុលនោះទេ ។
ឯកឧត្តម ឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់សង្កត់ធ្ងន់ថា លោក អ៊ុត ធី ជាមនុស្សដឹងគុណ ដឹងទោសខ្លាំងណាស់ ជាក់ស្តែង លោកនៅតែគោរពដឹងគុណចំពោះឯកឧត្តមដែលអតីតធ្លាប់ជាកូនចៅរបស់ឯកឧត្តមអស់រយៈពេលជាង១០ឆ្នាំ ។
គួរបញ្ជាក់ជូនថា លោក អ៊ុត ធី ដែលត្រូវជាឪពុករបស់កញ្ញា សាសា ទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១២/០៨៣ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ ៕