មានឧកញ៉ាជាច្រើននាក់ហើយដែលធ្លាប់បាន និងកំពុងមានរឿងក្តីក្តាំផ្ទាល់ខ្លួននៅស្ថាប័នតុលាការ (ត្រូវគេប្តឹងក្នុងរឿងព្រហ្មទណ្ឌ) នាសម័យព្រះរាជាណាចក្រកម្ពុជាទី២ គ្រប់គ្រងអំណាចដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រី ក្នុងនោះមានឧកញ៉ាខ្លះធ្លាប់ទទួលរងការឃុំខ្លួនបណ្តោះអាសន្ន ឧកញ៉ាខ្លះធ្លាប់ទទួលទោសតាមអំណាចសាលក្រមតុលាការ (តួយ៉ាងលោកឧកញ៉ា ដេវីដ ឆាណាយវា) ឧកញ៉ាខ្លះកំពុងអនុវត្តន៍ទោសក្នុងពន្ធនាគារតាមអំណាចសាលក្រមតុលាការ (តួយ៉ាងលោកឧកញ៉ា តាន់ សេងហាក់, លោកឧកញ៉ា ឈឿន ចាន់ថន ហៅម៉ៅ អតីតមេបញ្ជាការកងអង្គរក្សសម្តេច ជា ស៊ីម និងលោកឧកញ៉ា ថោង សារ៉ាត់ ជាដើម…) ឧកញ៉ាខ្លះទៀតបានរត់បាតជើងសព្រាតចាកចេញពីស្រុកខ្មែរទៅបរទេស ព្រោះគេចនឹងអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ (តួយ៉ាងលោកស្រីឧកញ៉ា ឈិន សុគន្ធារី ហៅយាយក្រពើ អតីតទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា) ប៉ុន្តែលោក លោកស្រីឧកញ៉ាដែលមានឈ្មោះជាជនត្រូវចោទ ជនជាប់ចោទ ឬទណ្ឌិតទាំងនោះ គ្មាននរណាម្នាក់បានប្រកាសបោះបង់ងារជា "ឧកញ៉ា" របស់ខ្លួនចោលឡើយ ។ ឧទាហរណ៍ សូម្បីលោកឧកញ៉ា ថោង សារ៉ាត់ នាយកក្រុមហ៊ុន Meanchey International Investment និងបុរី ៩៩៩ ដែលជាប់ចោទពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន (ឃាតកម្មលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ) ដែលជាបទល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតក៏ដោយ ។
ដោយឡែក លោកឧកញ៉ា សុខ ប៊ុន នាយកក្រុមហ៊ុន TEHO-SBG Development Co., Ltd. ដែលជាប់ការសង្ស័យប្រព្រឹត្តអំពើហិង្សាទៅលើកញ្ញា ឯក សុជាតា ហៅសាសា អតីតពិធីការិនីស្ថានីយ៍ទូរទស្សន៍ CTN កាលពីវេលាម៉ោង០១និង១២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ យ៉ាងល្បីសុះសាយនោះ ដើម្បីឲ្យមានការយោគយល់ឈប់ប្តឹងផ្តល់ពីសំណាក់កញ្ញាសាសា និងក្រុមគ្រួសារ(ដកពាក្យបណ្តឹង) បែរជាបានប្រកាសថានឹងលាឈប់ឬបោះបង់ងារជា"ឧកញ៉ា"របស់ខ្លួន ចោលទៅវិញ ខណៈទោសទណ្ឌរបស់ខ្លួនអាចត្រឹមជាប់ចោទពីបទអំពើហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោសប៉ុណ្ណោះ ។
ម្យ៉ាងទៀត ការដកហូតងារជា "ឧកញ៉ា" ពីលោក លោកស្រី ឧកញ៉ាណាម្នាក់ដែលទោះបីកំពុងអនុវត្តន៍ទោសនៅក្នុងពន្ធនាគារក៏ដោយ ក៏ពុំដែលឃើញមានប្រព្រឹត្តឡើងឡើយ ខណៈសម័យព្រះរាជាណាចក្រកម្ពុជាទី២នេះ មិនមានរង្វាស់រង្វាល់អ្វីជាក់លាក់សម្រាប់កំណត់ វាស់ស្ទង់គុណវុឌ្ឍិមនុស្សណាម្នាក់ មុនតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ក្រៅពីបានចំណាយប្រាក់ប្រមាណចាប់ពី១០ម៉ឺនដុល្លារឡើងទៅនោះទេ ។
ដូច្នេះ សរុបសេចក្តីមក លោកឧកញ៉ា សុខ ប៊ុន អាចនិយាយបានថា គឺជនទី១ដែលហ៊ានប្រកាសបោះបង់ងារជា "ឧកញ៉ា" ចោលពាក់ព័ន្ធនឹងសំណុំរឿងក្តីរបស់ខ្លួន ។
លោក សុខ ប៊ុន ជាឈ្មួញដ៏មានឥទ្ធិពល និងមានទ្រព្យសម្បត្តិដែលកាន់កាប់ក្រុមហ៊ុនជំនួញជាច្រើននោះ ទទួលបានការតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/១០១០/៧៩៥ ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១០ ៕