ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

អា​មេ​រិ​ក​និង​អង្គការ​ NATO​ ចាប់ផ្តើម​ទាញ​យក​ថាមពលព្រះអាទិត្យ​ប្រើប្រាស់​ក្នុង​វិស័យ​យោធា​

​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​បាន​សន្យា​ថា​ នឹង​ប្រើប្រាស់​ថាមពល​កែ​ច្នៃ​ឡើង​វិញ​ឲ្យ​បាន​កម្រិត​២៥​ភាគរយ​នៅ​ឆ្នាំ​២០១៥​ខាង​មុខ​ ខណៈ​ក្រុមហ៊ុន​ផលិត​បច្ចេកវិទ្យា​យោធា​ជា​ច្រើន​លើ​សកលលោក​បាន​និង​កំពុង​សហការ​ជាមួយ​ទាហាន​អង្គការ​ណា​តូ​(NATO)​ ធ្វើ​សមយុទ្ធ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ថាមពល​បង្កើត​ឡើង​វិញ​ក្នុង​សមរភូមិ​នៃ​សង្គ្រាម​ ។​

​ជាមួយនឹង​ការ​ចំណាយ​ពេលវេលា​ត្រឹមតែ​១០​នាទី​ប៉ុណ្ណោះ​ ដែល​បណ្តា​រោងចក្រ​នានា​អាច​ផលិត​ថាមពលព្រះអាទិត្យ​(MINI)​បាន​នៅ​គ្រប់​ទីកន្លែង​នោះ​ ទាហាន​របស់​អង្គការ​ណា​តូ​ចំនួន​ប្រមាណ​១.០០០​នាក់​ កំពុង​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​សាក​ពិសោធន៍​បច្ចេកវិទ្យា​ថ្មី​ គឺ​បន្ទះ​ថ្មពិល​ថាមពលព្រះអាទិត្យ​បម្រុង​ ដែល​មាន​ទំហំ​សម​ល្មម​អាច​យក​ជាប់​តាម​ខ្លួន​បាន​ និង​មាន​កម្រិត​គ្រប់គ្រាន់​សម្រាប់​ផ្តល់​ថាមពល​ដល់​បណ្តា​បរិក្ខារ​អេ​ឡិច​ត្រូ​និ​ច​ ព្រមទាំង​យោធ​ភ័​ណ្ឌ​ខ្លះ​ទៀត​ត្រៀម​ទៅ​ថ្ងៃ​អនាគត​ ។​

​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​ប្រភេទ​ Smart​ Flower​ អាច​ដឹក​ជញ្ជូន​ និង​ដំឡើង​បាន​យ៉ាង​ងាយស្រួល​ ដោយ​វា​អាច​បើក​សម្រាប់​ស្រូប​យក​ថាមពល​ និង​បិទ​វិញ​ពេល​ត្រូវការ​ដឹក​ជញ្ជូន​ ដែល​ទាមទារ​តម្រូវការ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​ ។​ ដោយឡែក​ បន្ទះ​ថាមពលព្រះអាទិត្យ​ផ្សេង​ទៀត​ប្រភេទ​ Roll-Deployed​ PV​ Array​ (ROLLARRAY)​ ជា​សណ្ឋាន​បន្ទះ​ថាមពល​អាច​បត់​ ឬ​មូរ​បាន​យ៉ាង​ស្រួល​ និង​អាច​ក្រាល​លើ​ដី​ពុំ​មាន​រង​ផល​ប៉ះពាល់​ សូ​ម្បី​រថយន្ត​បើកបរ​កិន​ពីលើ​ក៏​ដោយ​ ។​

​ជាមួយ​គ្នា​នេះ​ ក៏​មាន​ប្រភេទ​បន្ទះ​ថាមពល​ខ្នាត​តូច​សម្រាប់​បំពាក់​ឲ្យ​ទាហាន​ម្នាក់ៗ​ផង​ដែរ​ ដែល​វា​អាច​ពាក់​ពី​ខាងក្រៅ​ និង​វា​អាច​សាក​បញ្ចូល​ថាមពល​ឲ្យ​បរិក្ខារ​អេ​ឡិច​ត្រូ​និ​ច​យក​តាម​ខ្លួន​បាន​យ៉ាង​គ្រប់គ្រាន់​ ។​

​ការណ៍​ដែល​នាំ​ឲ្យ​សហរដ្ឋអាមេរិក​ និង​អង្គការ​ណា​តូ​ចាប់ផ្តើម​ទាញ​យក​ថាមពល​ពន្លឺព្រះអាទិត្យ​មក​ប្រើប្រាស់​ក្នុង​វិស័យ​យោធា​ដូច្នេះ​ ដោយសារ​បាន​ឆ្លងកាត់​បទ​ពិសោធន៍​ជម្លោះ​ជាមួយ​រុ​ស្ស៊ី​នា​ពេល​កន្លង​មក​ ខណៈ​រុ​ស្ស៊ី​ជា​ប្រទេស​ផ្គត់ផ្គង់​តម្រូវការ​ឧស្ម័ន​ចំហេះ​រហូត​ដល់​កម្រិត​១​ភាគ​៣​សម្រាប់​សហភាព​អឺរ៉ុប​(EU)​ និង​អា​មេ​រិ​ក​ ។​ លើស​ពី​នេះ​ ការ​ដឹក​ជញ្ជូន​បណ្តា​ប្រភេទ​ឥន្ធនៈ​ប្រពៃណី​ ជា​អាទិ៍​ ៖​ ប្រេង​ សាំង​ និង​ឧស្ម័ន​ចំហេះ​ ជួប​ប្រទះ​នឹង​ការ​លំបាក​ ព្រមទាំង​មាន​ហានិភ័យ​ខ្ពស់​ ជា​ពិសេស​ងាយ​រង​ការ​វាយឆ្មក់​ ។​ ជាក់ស្តែង​ សង្គ្រាម​នៅ​អ៊ី​រ៉ា​ក់​ និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ ពល​ទាហាន​អា​មេ​រិ​ក​ប្រមាណ​៣.០០០​នាក់​ បាន​ពលី​ជីវិត​ក្នុង​ការ​បំពេញបេសកកម្ម​នេះ​ ។​

​គួរ​បញ្ជាក់​ជូន​ដែរ​ថា​ ថាមពល​មាន​សារៈសំខាន់​មិន​ត្រឹម​ចំពោះ​ជីវភាព​រស់នៅ​ផ្នែក​ក​សិ​-​ឧស្សាហកម្ម​ប៉ុណ្ណោះ​ទេ​ គឺ​រួម​ទាំង​វិស័យ​យោធា​ផង​ដែរ​ សូ​ម្បី​ការ​ទូទាត់​ថ្លៃ​ថាមពល​របស់​ក្រសួងការពារជាតិ​អា​មេ​រិ​ក​ប៉ុណ្ណោះ​ គឺ​បាន​កើនឡើង​ចំនួន​២០.០០០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​ហើយ​ ៕​

Smart-flowerNatoNato-1Nato-2

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.