មជ្ឈដ្ឋានប្រជាពលរដ្ឋ និងអ្នកតាមដានកិច្ចកំណែទម្រង់ប្រព័ន្ធយុត្តិធម៌សង្គមនៅកម្ពុជា បានសម្តែងនូវការគាំទ្រចំពោះប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានប្រកាសកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញ ឲ្យសមត្ថកិច្ចសាធារណៈតាមស្វែងរកចាប់ខ្លួនលោកឧកញ៉ា សុខ ប៊ុន ដែលប្រព្រឹត្តហិង្សាទៅលើកញ្ញា ឯក សុជាតា ហៅសាសា អតីតពិធីការីនីស្ថានីយ៍ទូរទស្សន៍ CTN ឲ្យខាងតែបាន និងប្រកាសមិនឲ្យមានអ្នកណាមួយជួយលាក់បំពួន និងកាងការពារលោកឧកញ៉ា សុខ ប៊ុន ហើយបើមានសូមឲ្យដកខ្លួនថយចេញទៀតផង ។
ជាមួយនឹងការប្រកាសរបស់សម្តេចក្រឡាហោម ស ខេង នេះដែរ មជ្ឈដ្ឋាននានាក៏បានសំណូមពរចំពោះសម្តេចក្រឡាហោម ស ខេង មេត្តាធ្វើការចាប់អារម្មណ៍ទៅនឹងដំណើរការស្វែងរកតាមចាប់ខ្លួនទណ្ឌិត ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង តាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងអំណាចសាលដីកាព្រហ្មទណ្ឌរបស់ស្ថាប័នតុលាការ ក្នុងសំណុំរឿងបាញ់ប្រហារទៅលើកម្មការិនីចំនួន៣នាក់ បម្រើការងារនៅរោងចក្រផលិតស្បែកជើងកៅវ៉េ ឋិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបាវិត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរសឹងបាត់បង់ជីវិត កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២នោះផង ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះជាកម្មការិនីទាំង៣នាក់ ។
ដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទឈ្មោះ ឈូក បណ្ឌិត ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងខេត្តស្វាយរៀងចេញចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៣មកម្ល៉េះ និងមកដល់ចុងឆ្នាំ២០១៤កន្លងទៅ ស្ថាប័នតុលាការកំពូលក៏បានវិនិច្ឆ័យសេចក្តីសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ ឈូក បណ្ឌិត ឲ្យក្លាយជាទណ្ឌិត (ដាក់ពន្ធនាគារកំណត់១៨ខែ និងបង្គាប់ឲ្យបង់ប្រាក់ចំនួន៣៨លានរៀល ជូនដើមបណ្តឹងរដ្ឋប្បវេណីជាកម្មការិនីទាំង៣នាក់ ពីបទបង្ករបួសស្នាមដោយអចេតនា)រួចហើយដែរ ប៉ុន្តែរហូតទល់បច្ចុប្បន្នមានរយៈពេលជាង២ឆ្នាំហើយ សមត្ថកិច្ចមិនទាន់ស្វែងរកតាមចាប់ខ្លួនឈ្មោះ ឈូក បណ្ឌិត បាននៅឡើយ (បើគិតចាប់ពីថ្ងៃប្រព្រឹត្តល្មើស គឺទណ្ឌិត ឈូក បណ្ឌិត ទទួលបានសេរីភាពឋិតនៅក្រៅមន្ទីរឃុំឃាំងអស់រយៈពេលជាង៣ឆ្នាំ) ខណៈអនុលោមតាមបញ្ញត្តិមាត្រា១៤៤ កថាខណ្ឌទី២ នៃក្រមព្រហ្មទណ្ឌដែលបានចែងថា "ទោសដែលប្រកាសពីបទមជ្ឈិម មានអាជ្ញាយុកាល៥ឆ្នាំ" គឺអាជ្ញាយុកាលនៃទោសរបស់ទណ្ឌិត ឈូក បណ្ឌិត ជិតផុតទៅទៀត ។
នេះគឺជារឿងមហាអយុត្តិធម៌មួយ និងឆ្លុះបញ្ចាំងអំពីវប្បធម៌និរទណ្ឌភាពនៅកម្ពុជា ដ្បិតការស្វែងរកចាប់ខ្លួនទណ្ឌិតឈ្មោះ ឈូក បណ្ឌិត "ស្ងាត់ឈឹងដូចចោរលួចសេះ" និងសំណងរដ្ឋប្បវេណីចំនួនត្រឹមតែ៣៨លានរៀលសម្រាប់ជនរងគ្រោះជាកម្មការិនីចំនួន៣នាក់នោះ មិនទាន់ទទួលបានពីជនប្រព្រឹត្តល្មើសនៅឡើយទេ ៕