កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសរួចហើយថា ឲ្យសមត្ថកិច្ចសាធារណៈតាមស្វែងរកចាប់ខ្លួនលោកឧកញ៉ា សុខ ប៊ុន នាយកក្រុមហ៊ុន TEHO-SBG Development Co., Ltd. ដែលបានប្រើអំពើហិង្សាទៅលើកញ្ញា ឯក សុជាតា ហៅ សាសា អតីតពិធីការិនីស្ថានីយ៍ទូរទស្សន៍ CTN នាវេលាម៉ោង០១និង១២នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ បណ្តាលឲ្យកញ្ញា សាសា រងរបួសច្រើនកន្លែងនោះ ដើម្បីប្រគល់ទៅស្ថាប័នតុលាការចាត់ការតាមច្បាប់ ទោះបីលោកឧកញ៉ា សុខ ប៊ុន បានបង្ហាញពីជំហរសុំទោស និងសម្តែងនូវការសោកស្តាយចំពោះកំហុសឆ្គងរបស់ខ្លួនក៏ដោយ ។ លើសពីនេះ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសទុកជាមុនឲ្យដឹងដែរថា សូមឲ្យអ្នកធ្លាប់កាងការពារនិងរត់ការឲ្យលោកឧកញ៉ា សុខ ប៊ុន ដកខ្លួនថយចេញផងដែរ ដើម្បីកុំឲ្យមានការប៉ះពាល់ និងគំរូអាក្រក់ ។
ដោយឡែក កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញនេះដែរ មានលេចចេញសេចក្តីបំភ្លឺជូនសាធារណជនមួយ ដែលប្រថាប់ត្រា"បានឃើញ" ដោយលោកមេធាវី យិន សុភី សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ៤៣០ ប៉ុន្តែគ្មានការចុះហត្ថលេខា ឬស្នាមមេដៃរបស់លោកឧកញ៉ា សុខ ប៊ុន នោះ បានបង្ហាញថា លោកឧកញ៉ា សុខ ប៊ុន ប្រកាសសុំលាឈប់ពីប្រធានសមាគមវាយតម្លៃអចលនវត្ថុ លាឈប់ពីនាយកក្រុមហ៊ុន TEHO-SBG Development Co., Ltd. លាឈប់ពីងារជាឧកញ៉ា និងសូមចូលរួមពិភាគទាន ដើម្បីព្យាបាលសុខភាព និងដោះស្រាយជីវភាព ចំនួន១០ម៉ឺនដុល្លារអាមេរិក ជូនកញ្ញា សាសា ជាថ្នូរនឹងការសុំឲ្យមានការយោគយល់ឈប់ចោទប្រកាន់គ្នា និងមិនសងសឹកគ្នាពីកញ្ញា សាសា និងក្រុមគ្រួសារ ។
ទោះបីសេចក្តីបំភ្លឺជូនសាធារណជនដែលមានប្រថាប់ត្រា "បានឃើញ" ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ដោយលោកមេធាវី យិន សុភី មិនមានព័ស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា ជាសេចក្តីបំភ្លឺរបស់លោកឧកញ៉ា សុខ ប៊ុន ដែលកំពុងរត់ពួនសំងំលាក់ខ្លួននោះពិតប្រាកដក៏ដោយ ក៏សំណើរបស់លោកឧកញ៉ា សុខ ប៊ុន ត្រូវបានច្រានចោលភ្លាមៗរួចហើយ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញនេះ ពីសំណាក់កញ្ញា សាសា ។
ដូច្នេះ ដំណើររឿងក្តីពាក់ព័ន្ធនឹងការប្រព្រឹត្តរបស់លោកឧកញ៉ា សុខ ប៊ុន ទៅលើកញ្ញា សាសា ដែលមានឪពុកមានងារជាឧកញ៉ា គឺលោកឧកញ៉ា អ៊ុត ធី ដែរនោះ ទំនងជារត់ និងដើរដល់ដំណាក់កាលផ្លូវទ័លច្រកហើយ វៀរលែងតែសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយារបស់បុរសខ្លាំង ចេញមុខនិងលូកដៃជួយអន្តរាគមន៍ ទើបអាចមានដំណោះស្រាយទទួលបានឱកាសរួមរស់ជាមួយប្រពន្ធ កូនរបស់ខ្លួនឡើងវិញក្នុងសេរីភាព ៕