ម្ចាស់ទីតាំងចាក់ភ្នាល់បាល់មួយកន្លែងឋិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (ខាងលិចផ្សារដងទង់ចម្ងាយប្រមាណ៥០ម៉ែត្រ) គឺលោក ថេន សុប្រិយ បានធ្វើការចោទប្រកាន់ទៅលើលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុងម្នាក់ និងនាយសេនាធិការកងរាជអាវុធហត្ថខេត្តកោះកុងម្នាក់ទៀត ដែលដឹកនាំកងកម្លាំងចុះបង្ក្រាបទីតាំងចាក់ភ្នាល់បាល់របស់ខ្លួន កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៥កន្លងទៅ ពីបទគំរាមកំហែងជំរិតទារប្រាក់ចំនួន៨.០០០ដុល្លារអាមេរិក ជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាពវិញ ។
មន្ត្រីស្ថាប័នតុលាការ និងមន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុងដែលប្រឈមនឹងការចោទប្រកាន់ថា បានប្រព្រឹត្តអំពើជំរិតទារប្រាក់នោះ គឺលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង និងលោក តាំង ឈុនស្រេង នាយសេនាធិការនៃកងរាជអាវុធហត្ថខេត្តកោះកុង ។
លោក ថេន សុប្រិយ ដែលជាម្ចាស់ទីតាំងចាក់ភ្នាល់បាល់ ត្រូវកងកម្លាំងអាវុធហត្ថដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុងចុះបង្ក្រាបនោះ បានរៀបរាប់ប្រាប់បណ្តាញសារព័ត៌មានឲ្យដឹងថា ខ្លួនត្រូវបានមន្ត្រីកងរាជអាវុធហត្ថជេរប្រមាថ និងគំរាមកំហែងទារប្រាក់ចំនួន២ម៉ឺនដុល្លារអាមេរិក ជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាពវិញ ។ តាមរយៈឪពុករបស់ខ្លួនដែលបានពឹងពាក់មន្ត្រីអាវុធហត្ថម្នាក់ឲ្យជួយនិយាយអង្វរករ ទើបពួកគេបានបញ្ចុះមកត្រឹម១ម៉ឺនដុល្លារអាមេរិក និងនៅទីបំផុត ក៏បានព្រមព្រៀងគ្នាបញ្ចុះតម្លៃមកត្រឹម៨.០០០ដុល្លារអាមេរិកវិញ ជាថ្នូរនឹងការដោះលែងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៥ បន្ទាប់ពីមានការឃាត់ខ្លួនអស់រយៈពេល២យប់រួចមក ដោយមន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុង ។
លើសពីនេះ លោក ថេន សុប្រិយ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានឲ្យដឹងដែរថា តាមការពិត នៅក្នុងក្រុងខេមរភូមិន្ទមានទីតាំងកត់ឆ្នោត និងចាក់ភ្នាល់បាល់ច្រើកន្លែងណាស់ ប៉ុន្តែកងកម្លាំងអាវុធហត្ថមិនបានចុះបង្ក្រាបជាទូទៅទេ ដ្បិតមានទីតាំងកត់ឆ្នោតនិងចាក់ភ្នាល់បាល់មួយចំនួនមានអ្នកគ្រប់គ្រងជាមនុស្សស្និទ្ធនឹងលោក តាំង ឈុនស្រេង ហើយនាពេលដែលកងកម្លាំងចុះបង្ក្រាបនោះ ពួកគេត្រូវបានប្រាប់ដំណឹងជាមុនឲ្យផ្អាកសកម្មភាព ទើបទទួលរងគ្រោះតែទីតាំងរបស់លោកដែលត្រូវរងការបង្ក្រាប ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ពីសំណាក់លោក ថេន សុប្រិយ ដូច្នេះ គេហទំព័រសារព័ត៌មានដើមត្នោតមិនទាន់អាចសុំការបំភ្លឺបញ្ជាក់ពីលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង និងលោក តាំង ឈុនស្រេង នាយសេនាធិការកងរាជអាវុធហត្ថខេត្តកោះកុងបាននៅឡើយទេ ត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥នេះ ដ្បិតគ្មានលេខទូរស័ព្ទដើម្បីទំនាក់ទំនង ។
លោក ស្រី ម៉ាកនី ជាសិស្សចៅក្រមជំនាន់ទី៣សាលាភូមិចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ត្រូវបានតែងតាំងជាព្រះរាជអាជ្ញារងកម្មសិក្សា បម្រើការងារនៅអយ្យការអមសាលាដំបូងខេត្តកោះកុង ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៩/៧៨៨ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០០៩ និងត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌអង្គចៅក្រមជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុងទល់បច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១០/៨៣៣ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១០ ។
មជ្ឈដ្ឋានប្រជាពលរដ្ឋរស់នៅខេត្តកោះកុង បានសំណូមពរចំពោះឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវលើករណីនេះឲ្យបានច្បាស់លាស់ផង តើពិតជាមានការសមគំនិតជាប្រព័ន្ធរវាងមន្ត្រីស្ថាប័នតុលាការ និងមន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុង ប្រព្រឹត្តអំពើពុករលួយ និងជំរិតទារប្រាក់ ដូចការចោទប្រកាន់របស់លោក ថេន សុប្រិយ ដែរឬទេ ? ៕