ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្រោមស្នាដៃជាងធ្វើធ្មេញម្នាក់សង្ស័យជាឃាតក យកខ្សែរឹតកសម្លាប់ រួចហើយយកសាកសពច្រកចូលការុងញាត់ក្នុងទូ ប្លន់យគ្រឿងអលង្ការ លុយ និងទោចក្រយានយន្ត១គ្រឿង ខណៈស្ត្រីរងគ្រោះរូបនោះបានទៅរកសេវាធ្វើធេ្មញនៅទីតាំងផ្ទះជួលប្រកបអាជីវកម្មរបស់ជនសង្ស័យ ឋិតនៅភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ បន្ទាប់ពីមានការដាក់ពាក្យបណ្តឹងពីសំណាក់ក្រុមគ្រួសារសាច់ញាតិស្ត្រីរងគ្រោះរួចមក ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះក្នុងអំពើឃាតកម្មដ៏ព្រៃផ្សៃនេះមានឈ្មោះ ឡៃ សំអាន អាយុ៤០ឆ្នាំ រស់នៅភូមិដារលិច ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ រីឯជនសង្ស័យជាឃាតកដៃដល់មុខរបរជាជាងធ្មេញ និងរត់គេចខ្លួនបាត់នោះ មានឈ្មោះ ហ៊ុយ សេង ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលបើកអាជីវកម្មធ្វើធេ្មញកន្លែងកើតហេតុខាងលើ ។
ទ្រព្យសម្បត្តិនិងសម្ភារៈដែលស្ត្រីរងគ្រោះបានបាត់បង់រួមមាន ៖ ១-ខ្សែកមាស១ខ្សែទម្ងន់៥ជី ។ ២-ខ្សែដៃប្លាទីន១ខ្សែទម្ងន់៥ជី ។ ៣-ចិញ្ជៀន២វង់ ក្នុងនោះមានចិញ្ជៀនមាស១វង់ទម្ងន់១,៥ជី និងចិញ្ជៀនប្លាទីន១វង់ទម្ងន់១,៥ជី ។ ៤-ប្រាក់រៀលមួយចំនួន និង៥-ទោចក្រយានយន្ត១គ្រឿង ពណ៌ក្រហម ផលិតនៅប្រទេសវៀតណាម ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងដែរថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានប្រាប់សាច់ញាតិរបស់ខ្លួនថា មកធ្វើធ្មេញនៅផ្សារដារ ។ ដល់ពេលបាត់វត្តមានស្ត្រីរងគ្រោះយូរពេក មិនឃើញត្រឡប់មកផ្ទះវិញ ធ្វើឲ្យសាច់ញាតិក្រុមគ្រួសារជ្រួលច្របល់តាមស្វែងរក និងបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនគរបាលស្រុកមេមត់ ។ ក្រោយទទួលបានពាក្យបណ្តឹងរួចមក សមត្ថកិច្ចបានដាក់កម្លាំងជំនាញតាមស្វែងរកមើលតាមបណ្តាផ្ទះធ្វើធេ្មញនៅក្នុងភូមិសាស្ត្រដែលដាក់ការសង្ស័យ ក៏បានប្រទះឃើញផ្ទះធ្វើធេ្មញមួយកន្លែងក្នុងទីតាំងកើតហេតុដែលបានបិទទ្វារចោលគួរឲ្យសង្ស័យ ។ ដោយមានការឯកភាពពីស្ថាប័នតុលាការផង សមត្ថកិច្ចក៏បានសម្រេចគាស់សោផ្ទះជនសង្ស័យដែលជួលធ្វើអាជីវកម្មធ្វើធេ្មញនោះ ក៏បានប្រទះឃើញសាកសពស្ត្រីរងគ្រោះតែម្តង ដែលត្រូវឃាតកយកខ្សែរឹតកសម្លាប់ រួចយកសាកសពច្រកចូលការុងញាត់ក្នុងទូ ។
ក្រោយពេលពិនិត្យសាកសព និងធ្វើកោសល្យវិច័យចប់សព្វគ្រប់ហើយ សមត្ថកិច្ចក៏បានប្រគល់សាកសពឲ្យក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ហើយសមត្ថកិច្ចបានអះអាងថា នឹងតាមស្វែងរកចាប់មុខសញ្ញាជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ៕