ឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានតែងតាំងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) និងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយសាជាថ្មីទៀត(អាណត្តិទី២) បន្ទាប់ពីច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៤១០/០០៤ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១០ ខណៈសមាសភាពសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយចំនួន៣នាក់ ត្រូវបានផ្លាស់ប្តូរថ្មី ។
សមាសភាពសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយចំនួន៣នាក់ ក្នុងចំណោម១១នាក់ ដែលចូលកាន់មុខតំណែងសម្រាប់អាណត្តិទី២(អាណត្តិថ្មី)នេះ គឺ ៖ ១-លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ហៅកាត់ថា ក្រសួងអធិការកិច្ច(ជ្រើសតាំងចេញពីក្រសួងអធិការកិច្ច) ២-ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម(ជ្រើសតាំងចេញពីរាជរដ្ឋាភិបាល) និង៣-ឯកឧត្តម យ៉េត ចរិយា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ(ជ្រើសតាំងចេញពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម) ។
សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាណត្តិទី២(អាណត្តិថ្មី)ទាំង១១នាក់ បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងរួចរាល់ហើយ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញ នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ។
អនុលោមតាមបញ្ញត្តិមាត្រា៥, មាត្រា៦ និងមាត្រា៧នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ គឺតម្រូវឲ្យស្ថាប័នប្រឆាំងអំពើពុករលួយ រួមមាន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងអង្គភាពប្រឆាំងអំពើពុករលួយ ដែលក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមានសមាជិកចំនួន១១រូប និងមានអាណត្តិរយៈពេល៥ឆ្នាំ ហើយអាណត្តិនេះអាចត្រូវបន្តជាថ្មីបាន ។
ក្រោយកើតមានច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស(ជាសមាជិករាជរដ្ឋាភិបាល) ត្រូវបានតែងតាំងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១០/៣៦៧ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១០ និងតែងតាំងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១០/៤៩៩ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១០ ៕