បន្ទាប់ពីអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិជាង២០រូបពិនិត្យឃើញថា មានសកម្មភាពកាប់បំផ្លិចបំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យនៅឧទ្យានជាតិវីរៈជន តំបន់កន្ទុយនាគ ឋិតក្នុងស្រុកតាវែង ខេត្តរតនគិរី បង្កដោយក្រុមហ៊ុនឧកញ៉ា ទ្រី ភាព និងក្រុមហ៊ុនឧកញ៉ា អាន ម៉ាឌី និងបានចេញលិខិតផ្លូវការកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ ជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានីតិកាលទី៥ ស្នើសុំឲ្យមានការបញ្ឈប់ជាបន្ទាន់ក្រុមហ៊ុន ទ្រី ភាព និងក្រុមហ៊ុនអាន ម៉ាឌី ដែលកំពុងធ្វើអាជីវកម្មកាប់បំផ្លាញព្រៃឈើនៅក្នុងភូមិសាស្ត្រឧទ្យានជាតិវីរៈជ័យ តំបន់កន្ទុយនាគ ឋិតក្នុងស្រុកតាវែង ខេត្តរតនគិរី រួចមក គឺនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ដដែលនេះដែរ ស្រាប់តែក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អ៊ិចផត (Try Pheap Import Export Co., Ltd.) ដែលមានលោកឧកញ៉ា ទ្រី ភាព ជានាយកក្រុមហ៊ុន បានចេញសេចក្តីប្រកាសព័ត៌មានមួយច្រានចោលទៅនឹងការចោទប្រកាន់របស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ខណៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមិនទាន់បានចាត់វិធានការឆ្លើយតបទៅនឹងសំណើរបស់ក្រុមអ្នកតំណាងរាស្ត្រនៅឡើយ ។
ជាមួយនឹងការច្រានចោលចំពោះការចោទប្រកាន់របស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានប្រទះឃើញក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព និងក្រុមហ៊ុនរបស់លោកឧកញ៉ា អាន ម៉ាឌី កំពុងធ្វើអាជីវកម្មកាប់បំផ្លាញ និងដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យនៅតំបន់ឧទ្យានជាតិវីរៈជ័យនោះ ក្រុមហ៊ុន Try Pheap Import Export បានលើកហេតុផលថា ទីតាំងដីសម្បទានវិនិយោគអភិវឌ្ឍន៍ដំណាំកសិ-ឧស្សាហកម្មកៅស៊ូចំនួន២កន្លែង នៅតំបន់ឧទ្យានជាតិវីរៈជ័យ ដែលក្រុមហ៊ុនធ្លាប់ទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលកន្លងមក ក្រុមហ៊ុនបានប្រគល់ដីសម្បទានជូនទៅរាជរដ្ឋាភិបាលវិញហើយ ដូចមានបញ្ជាក់នៅក្នុងស្មារតីលិខិតលេខ១៧៦៩សជណ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ពោលគឺក្រុមហ៊ុនមិនមានធ្វើសកម្មភាពអ្វីនៅលើទីតាំងដី និងតំបន់ឧទ្យានជាតិវីរៈជ័យឡើយ (Sic!) ។
ក្រុមអ្នកឃ្លាំមើលឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជា បានលើកឡើងថា ជាការពិត ព្រៃឈើនៅតំបន់កន្ទុយនាគនៃឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី គឺមានការកាប់បំផ្លាញយ៉ាងរង្គាល ដោយមានការពាក់ព័ន្ធទៅនឹងក្រុមហ៊ុនវៀតណាមទៀតផង ចាប់តាំងពីមុនឆ្នាំ២០០០មកម្ល៉េះ ។ ដោយឡែក ក្រុមហ៊ុន Try Pheap Import Export និងក្រុមហ៊ុន MDS Thmoda SEZ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MDS Group គ្រប់គ្រងដោយលោកឧកញ៉ា ទ្រី ភាព ធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនវៀតណាមឈ្មោះ Hoang Anh Gia Lai Company (HAGL) ។ ដូច្នេះ ក្រុមហ៊ុនវៀតណាមឈ្មោះ HAGL និងក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព ត្រូវបានគេសង្ស័យយ៉ាងខ្លាំងថា មានការពាក់ព័ន្ធទៅនឹងសកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់ឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី រួចហើយប្រើល្បិចប្រគល់ដីសម្បទានដែលខ្លួនទទួលបានឲ្យទៅរដ្ឋវិញ ។
មជ្ឈដ្ឋានអ្នកច្បាប់ និងអ្នកអភិរក្សធនធានធម្មជាតិព្រៃឈើនៅកម្ពុជា បានលើកឡើងថា ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងជាង២០រូប ដែលបានធ្វើលិខិតផ្លូវការស្នើសុំឲ្យបុរសខ្លាំងជានាយករដ្ឋមន្ត្រីបញ្ឈប់សកម្មភាពការកាប់បំផ្លាញព្រៃឈើនៅតំបន់ឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី របស់ក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព និងក្រុមហ៊ុនលោកឧកញ៉ា អាន ម៉ាឌី នោះ គួរតែបញ្ចេញនូវព័ស្តុតាងជាក់លាក់ឲ្យសាធារណជនបានឃើញ ដើម្បីវែកមុខអ្នកទទួលខុសត្រូវលើការកាប់បំផ្លាញព្រៃឈើនៅតំបន់ឧទ្យានជាតិវីរៈជ័យពិតប្រាកដ និងកុំឲ្យក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព ជាឈ្មួញឈើដ៏ល្បីនៅកម្ពុជាមានឱកាសដោះសាតទៅទៀតបានផង ៕