បុរសម្នាក់ត្រូវបានឃាតកវាយទម្លាក់ពីលើទោចក្រយានយន្តដែលកំពុងធ្វើដំណើរឲ្យដួលធ្លាក់ដី រួចហើយចាប់អារកសម្លាប់យ៉ាងព្រៃផ្សៃ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្បែរទោចក្រយានយន្តរបស់ខ្លួន នៅវេលាម៉ោង១០និង៣៥នាទីព្រឹក នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥នេះ ឋិតត្រង់ចំណុចអូរថ្មព្រុង ភូមិត្រពាំងលាប ឃុំជម្ពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ស្ត្រីឈ្មោះ មាស ចន្ថា អាយុ៤៣ឆ្នាំ ត្រូវជាភរិយារបស់បុរសរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះជាប្តីរបស់ខ្លួនមានឈ្មោះ ប៉ាក សុភា អាយុ៥៣ឆ្នាំ មុខរបរជាអ្នកចាំចម្ការនៅភូមិអូរនាងហ៊ីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ មុនពេលកើតហេតុ គឺនៅវេលាម៉ោង០៧ព្រឹក នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ ប្តីរបស់ខ្លួនបានជិះម៉ូតូចេញពីផ្ទះក្នុងគោលបំណងទៅដូរទឹកសុទ្ធ និងមិនបានឃើញវិលត្រឡប់មកផ្ទះវិញនៅឡើយទេ ទើបដល់វេលាម៉ោងកើតហេតុ ស្រាប់តែមានគេមកប្រាប់ខ្លួនថា ប្តីរបស់ខ្លួនបានស្លាប់នៅចំណុចកើតហេតុបាត់ទៅហើយ ។
សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានជាបឋមថា ការស្លាប់របស់បុរសរងគ្រោះអាចមានការពាក់ព័ន្ធទៅនឹងករណីគំនុំ ទើបជនដៃដល់ប្រើដំបងវាយពីក្រោយជនរងគ្រោះទម្លាក់ពីលើម៉ូតូឲ្យដួលធ្លាក់ រួចហើយចាប់អារកសម្លាប់ជាក្រោយ ពីព្រោះជនរងគ្រោះបានស្លាប់នៅក្បែរម៉ូតូរបស់ខ្លួនម៉ាក Honda Dream 125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1F-2202 មិនមានការបាត់បង់សម្ភារៈអ្វីទេ ។
ក្រោយពីបានពិនិត្យធ្វើកោសល្យវិច័យចប់សព្វគ្រប់ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យបានប្រពៃណី និងសមត្ថកិច្ចកំពុងបន្តសាកសួរលម្អិតទៅលើស្ត្រីជាភរិយាជនរងគ្រោះ ដើម្បីឈានទៅកំណត់មុខសញ្ញាឃាតកក្នុងអំពើឃាតកម្មដ៏ព្រៃផ្សៃនេះ ៕