ដោយកាន់ទូរស័ព្ទ Smart Phone នៅក្នុងដៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឈរពិគ្រោះជាមួយមន្ត្រីជាសហការីរបស់សម្តេចនៅវិមានសន្តិភាព ឱកាសប្រារព្ធកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០១៥ បានក្លាយជារូបភាពដែលគួរឲ្យចាប់អារម្មណ៍នាចុងសប្តាហ៍នេះ ខណៈឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន Post នៅក្នុង Timeline ឯកឧត្តមផ្ទាល់ ដាក់ចំណងជើងថា "My Prime Minister is checking the WiFi Password." ។
ថ្វីដ្បិតឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីកំពុងឆែកមើលលេខកូដសម្ងាត់របស់ WiFi ក្នុងទូរស័ព្ទដៃរបស់សម្តេចក៏ដោយ ក៏មានប្រិយមិត្តអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ខ្លះអះអាងថា ទំនងជាសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីកំពុងពិគ្រោះព័ត៌មានអ្វីមួយក្នុងទូរស័ព្ទដៃរបស់សម្តេច ជាមួយមន្ត្រីជាសហការីរបស់សម្តេច ។
មជ្ឈដ្ឋានមួយចំនួនទៀត បានលើកឡើងដែរថា កាយវិការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលយកទូរស័ព្ទដៃមកពិគ្រោះជាមួយសហការីរបស់សម្តេច គឺក្នុងន័យដើម្បីទាញអារម្មណ៍ឲ្យមន្ត្រីក្រោមឱវាទរបស់សម្តេចចេះយកចិត្តទុកដាក់ប្រើប្រាស់ទូរស័ព្ទ Smart Phone នាសម័យបច្ចេកវិទ្យាទំនើប និងឆាប់រហ័សនេះ ដូចអ្វីដែលសម្តេចធ្លាប់បានមានប្រសាសន៍ជាសាធារណៈនាពេលកន្លងមករួចហើយ ៕