ប្រភពព័ត៌មានច្បាស់ការណ៍ពីទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា ផ្ទៃដីបឹងពោងពាយខាងត្បូងទំហំ៦,១៦ហិកតា ឋិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជាប្រមុខ សម្រេចប្រគល់ឲ្យទៅឯកឧត្តម ឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៣ មកពីគណបក្សប្រជាជនកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន អានកូ ប្រាឌ័រ និងលោក ហ៊ុន ប៊ុនធឿន កាន់កាប់ជាកម្មសិទ្ធិហើយ ។
ផ្ទៃដីបឹងពោងពាយខាងត្បូងទំហំ៦,១៦ហិកតា ឋិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនោះ ត្រូវបានរាជរដ្ឋាភិបាលបុរសខ្លាំងសម្រេចធ្វើអនុបយោគទៅជាដីទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដោយអនុក្រឹត្យលេខ៨២អនក្រ.បក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ ។
ព័ត៌មានច្បាស់ការណ៍ដដែលបានឲ្យដឹងដែរថា ការណ៍ដែលរាជរដ្ឋាភិបាលបុរសខ្លាំងសម្រេចប្រគល់ដីបឹងពោងពាយខាងត្បូងទំហំ៦,១៦ហិកតា ឋិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រគល់ឲ្យឯកឧត្តម ឧកញ៉ា កុក អាន និងលោក ហ៊ុន ប៊ុនធឿន កាន់កាប់ជាកម្មសិទ្ធិនោះ គឺដើម្បីជាថ្នូរនឹងការសាងសង់ប្រព័ន្ធប្រឡាយបង្ហូរទឹកមេនៅបឹងបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមគម្រោងរបស់សាលារាជធានីភ្នំពេញ ៕