ប្រភពព័ត៌មានច្បាស់ការណ៍ពីទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា ដីអាងស្តុកទឹកទំហំ១២ហិកតាក្នុងតំបន់បឹងពោងពាយខាងជើង ឋិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជាប្រមុខ សម្រេចប្រគល់ឲ្យទៅឯកឧត្តម ឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៣ មកពីគណបក្សប្រជាជនកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប (LYP Group) កាន់កាប់ជាកម្មសិទ្ធិហើយ ។
ដីអាងស្តុកទឹកទំហំ១២ហិកតាក្នុងតំបន់បឹងពោងពាយខាងជើង ឋិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនោះ ត្រូវបានរាជរដ្ឋាភិបាលបុរសខ្លាំងសម្រេចធ្វើអនុបយោគទៅជាដីទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដោយអនុក្រឹត្យលេខ៨១អនក្រ.បក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ ។
ព័ត៌មានច្បាស់ការណ៍ដដែលបានឲ្យដឹងដែរថា ការណ៍ដែលរាជរដ្ឋាភិបាលបុរសខ្លាំងបានសម្រេចប្រគល់ដីអាងស្តុកទឹកទំហំ១២ហិកតា ក្នុងតំបន់បឹងពោងពាយខាងជើង ឋិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឲ្យទៅឯកឧត្តម ឧកញ៉ា លី យ៉ុងផាត់ កាន់កាប់ជាកម្មសិទ្ធិនោះ គឺដើម្បីធ្វើជាថ្នូរនឹងការសាងសង់ប្រព័ន្ធផ្លូវ និងប្រព័ន្ធប្រឡាយក្នុងតំបន់អភិវឌ្ឍន៍បឹងពោងពាយ និងផ្ទៃដីទំហំ៨ហិកតាឋិតនៅខណ្ឌជ្រោយចង្វាសម្រាប់សាងសង់វិមាន ឈ្នះ-ឈ្នះ ឧទ្ទិសដល់នយោបាយឈ្នះ-ឈ្នះរបស់បុរសខ្លាំង ។
គួររំលឹកជូនដែរថា កាលពីឆ្នាំ២០១២កន្លងទៅ រាជរដ្ឋាភិបាលបុរសខ្លាំងធ្លាប់បានសម្រេចប្រគល់ទីតាំងដីបឹងពោងពាយខាងជើង ឋិតនៅក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំហំជាង១០០ហិកតា ឲ្យទៅក្រុមហ៊ុន LYP Group មានឯកឧត្តម ឧកញ៉ា លី យ៉ុងផាត់ ជាអគ្គនាយក ធ្វើការអភិវឌ្ឍន៍ជាថ្នូរនឹងការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅលើផ្ទៃដីកម្មសិទ្ធិរបស់ឯកឧត្តម ឧកញ៉ា លី យ៉ុងផាត់ ជាឈ្មួញដ៏ល្បីឈ្មោះ ៕