លោកឧកញ៉ា សុខ ប៊ុន នាយកក្រុមហ៊ុន សុខ ប៊ុន គ្រុប (SBG) ក្រុមហ៊ុន TEHO Development និងក្រុមហ៊ុនវាយតម្លៃអចលនវត្ថុនៅកម្ពុជា ដែលកំពុងអនុវត្តន៍គម្រោងសាងសង់ទីក្រុងរណបនៅសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ ក្នុងទំហំទឹកប្រាក់ប្រមាណ៥០០លានដុល្លារអាមេរិកនោះ ចាប់ផ្តើមល្បីឈ្មោះខ្លាំង និងត្រូវបានមជ្ឈដ្ឋាននានាស្គាល់មុខមាត់ពិតកាន់តែច្បាស់នៅពាក់កណ្តាលឆ្នាំ២០១៥នេះ ដោយសារលោកឧកញ៉ារូបរាងសង្ហា បានបង្កឲ្យមានរឿងអាស្រូវ២ករណីផ្ទួនៗគ្នា ដូចខាងក្រោម ៖
១-ប្រព្រឹត្តអំពើហិង្សាយ៉ាងព្រៃផ្សៃទៅលើស្ត្រីភេទ កាលពីវេលាម៉ោងជាង០១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ ក្នុងក្លឹបកម្សាន្តនៅរាជធានីភ្នំពេញ ដែលជនរងគ្រោះគឺជាកញ្ញា ឯក សុជាតា ហៅសាសា អតីតពិធីការិនីស្ថានីយ៍ទូរទស្សន៍ CTN ។ សំណុំរឿងក្តីនេះបានធ្លាក់ទៅដល់ដៃស្ថាប័នតុលាការហើយៗតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចសាធារណៈនាំខ្លួនលោកឧកញ៉ា សុខ ប៊ុន មកប្រគល់ឲ្យតុលាការ ។ ប៉ុន្តែលោកឧកញ៉ា សុខ ប៊ុន ដែលជាជនសង្ស័យ បានគេចខ្លួនចាកចេញទៅបរទេស (ប្រទេសសិង្ហបុរី) បាត់ស្រមោលទល់សព្វថ្ងៃ ។
២-ប្រើប្រាស់ឥទ្ធិពលទឹកលុយ និងអំណាចទៅលើអាជ្ញាធរមូលដ្ឋាន បង្កការរាំងស្ទះដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍ស្តារប្រឡាយមេមួយខ្សែប្រវែង២គីឡូម៉ែត្រ ចេញពីទំនប់អាងទឹកធារាសាស្ត្រ២០ឧសភា ហៅស្រះអង្កាម ដើម្បីយកមកស្រោចស្រពស្រែប្រាំងរបស់ប្រជាពលរដ្ឋចំនួន៤ភូមិ ឋិតក្នុងឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង គឺភូមិថ្មកែវ ភូមិស្វាយចេក ភូមិក្រាំងប្រស្វាយ និងភូមិក្នុង ធ្វើឲ្យអ្នកភូមិប្រតិកម្មខឹងសម្បា និងសម្តែងនូវការខកចិត្តយ៉ាងខ្លាំងកាលពីចុងខែឧសភា ឆ្នាំ២០១៥កន្លងទៅ ។
ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ក្រុមហ៊ុនរបស់លោកឧកញ៉ា សុខ ប៊ុន បានរៀបចំគម្រោងចុះប្រមូលទិញដីធ្លីនៅតំបន់នោះប្រមាណ ៣.០០០ហិកតា(បច្ចុប្បន្នទើបប្រមូលទិញបានប្រមាណ២០០ហិកតា) តាមរយៈអ្នកតំណាងរបស់ខ្លួន ហើយក្រុមហ៊ុនរបស់លោកឧកញ៉ា សុខ ប៊ុន មានមហិច្ឆតាមចង់ប្រមូលទិញដីធ្លីឲ្យបានក្នុងតម្លៃថោកៗជាមុន ទើបប្រើប្រាស់ឥទ្ធិពលលុយកាក់ និងអំណាចឲ្យអាជ្ញាធរមូលដ្ឋានបង្វែរទិសដៅការអនុវត្តន៍ស្តារប្រឡាយទឹក ទៅរកទីតាំងដីធ្លីដែលក្រុមហ៊ុនប្រមូលទិញបានពីអ្នកភូមិ និងកំពុងឈូសឆាយបានប្រមាណជាង៤០ហិកតានោះទៅវិញ ។
លើសពីនេះ ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងដែរថា ក្រុមហ៊ុនរបស់លោកឧកញ៉ា សុខ ប៊ុន បាននិងកំពុងធ្វើសកម្មភាពឈូសឆាយប៉ះពាល់ទៅដល់ដីព្រៃលិចទឹកជាជម្រកត្រីពង កូន ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ទាំងគ្មានច្បាប់អនុញ្ញាត ដោយក្រុមឈ្មួញជាម្ចាស់គ្រឿងចក្រស៊ីឈ្នួលឈូសឆាយដីឲ្យក្រុមហ៊ុនលោកឧកញ៉ា សុខ ប៊ុន អះអាងថា ទទួលបានតម្លៃឈ្នួល៣៨០ដុល្លារអាមេរិកក្នុង១ហិកតា(ដីព្រៃ៣០០ដុល្លារអាមេរិកក្នុង១ហិកតា និងដីវាល៨០ដុល្លារអាមេរិកក្នុង១ហិកតា) ។
លោក សុខ ប៊ុន ជាឈ្មួញដ៏មានឥទ្ធិពល និងទ្រព្យសម្បត្តិដែលគ្រប់គ្រងក្រុមហ៊ុនជាច្រើននោះ ត្រូវបានទទួលការតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/១០១០/៧៩៥ ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១០ ៕