តាមរយៈសម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភានីតិកាលទី៥ អ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិចំនួនជាង២០រូប បានធ្វើលិខិតផ្លូវការមួយច្បាប់គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់ក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព និងក្រុមហ៊ុនលោកឧកញ៉ា អាន ម៉ាឌី ដែលកំពុងធ្វើអាជីវកម្មកាប់បំផ្លាញព្រៃឈើនៅក្នុងភូមិសាស្ត្រឧទ្យានជាតិវីរៈជ័យ តំបន់កន្ទុយនាគ ឋិតនៅស្រុកតាវែង ខេត្តរតនគិរី ។
លិខិតផ្លូវការរបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំនៅកម្ពុជានោះ បានលើកឡើងថា "កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៥ យើងខ្ញុំជាអ្នកតំណាងរាស្ត្របានចុះទៅពិនិត្យដោយផ្ទាល់នៅក្នុងឧទ្យានជាតិវីរៈជ័យ ដែលជាតំបន់ព្រៃស្រោងឋិតនៅក្នុងតំបន់កន្ទុយនាគ ខេត្តរតនគិរី ហើយបានប្រទះឃើញក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព និងក្រុមហ៊ុនរបស់ឧកញ៉ា អាន ម៉ាឌី កំពុងតែធ្វើអាជីវកម្មកាប់បំផ្លាញ និងដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ ។ បច្ចុប្បន្ននេះ ព្រៃឈើនៅក្នុងឧទ្យានជាតិវីរៈជ័យ តំបន់កន្ទុយនាគ កំពុងតែប្រឈមយ៉ាងខ្លាំងពីការបំផ្លាញ និងឈានទៅរកវិនាសកម្មព្រៃឈើ ដោយសារតែក្រុមហ៊ុនទាំងពីរ ។ ប្រសិនបើគ្មានការទប់ស្កាត់ទាន់ពេលវេលានោះទេ ព្រៃឈើនៅក្នុងតំបន់នោះនឹងត្រូវបានបាត់បង់ទាំងស្រុងនៅពេលដ៏ខ្លីខាងមុខ ។ " ។
ខ្លឹមសារបញ្ចប់នៃលិខិតរបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង គឺបានស្នើឲ្យបុរសខ្លាំងមេត្តាពិនិត្យ និងជួយអន្តរាគមន៍ដើម្បីរក្សាព្រៃឈើនៅតំបន់ឧទ្យានជាតិវីរៈជ័យឲ្យបានគង់វង្សទុកជាសម្បត្តិធម្មជាតិរបស់ប្រជាជាតិកម្ពុជា ។
លិខិតផ្លូវការរបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងខាងលើ ត្រូវបានសម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន បញ្ជូនទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥នេះ ។
សូមបញ្ជាក់ជូនថា ក្រុមហ៊ុន Try Pheap Import Export និងក្រុមហ៊ុន MDS Import Export ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MDS Group គ្រប់គ្រងដោយលោកឧកញ៉ា ទ្រី ភាព មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនវៀតណាមឈ្មោះ Hoang Anh Gia Lai Company (HAGL) ក្នុងការកាប់ និងនាំចេញឈើប្រណីតពីដីសម្បទាននៅខេត្តរតនគិរី ខណៈក្រុមហ៊ុនរបស់លោកឧកញ៉ា អាន ម៉ាឌី ក៏មានសកម្មភាពកាប់ និងដឹកជញ្ជូនឈើនៅតំបន់នោះយ៉ាងសកម្មដែរ ។
ក្រោយពីបានធ្វើសកម្មភាពកាប់ឈើយ៉ាងរង្គាលរួចមក ទើបនៅដើមឆ្នាំ២០១៥នេះ រាជរដ្ឋាភិបាលបុរសខ្លាំងបានសម្រេចដកហូតដីសម្បទានសេដ្ឋកិច្ចជិត២ម៉ឺនហិកតានៅតំបន់ឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី ពីក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព មកវិញ ក្នុងនោះផ្ទៃដីទំហំ៩.៧០០ហិកតាដកហូតពីក្រុមហ៊ុន Try Pheap Import Export និងផ្ទៃដីទំហំ៩.១០០ហិកតាទៀតដកហូតពីក្រុមហ៊ុន MDS Thmoda SEZ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MDS Group ។
យោងតាមរបាយការណ៍ស៊ើបអង្កេតមួយបានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សនៅកម្ពុជា បានឲ្យដឹងថា លោកឧកញ៉ា ទ្រី ភាព ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលចំនួន៧ម៉ឺនហិកតា ហើយបានធ្វើសកម្មភាពកាប់ឈើគ្រប់ប្រភេទលើទីតាំងដីសម្បទាននោះដើម្បីនាំចេញ ខណៈលោកឧកញ៉ាឈ្មួញឈើដ៏ល្បីរូបនេះមានក្រុមហ៊ុនយ៉ាងតិចចំនួន១៥ក្រុមហ៊ុនបានកាន់កាប់តំបន់សេដ្ឋកិច្ចពិសេស(SEZ)ចំនួនពីរនៅជាប់ព្រំដែនថៃ និងវៀតណាម ។
លោក អាន ម៉ាឌី នាយកក្រុមហ៊ុន អាន ម៉ាឌី គ្រុប ជាឈ្មួញដ៏មានឥទ្ធិពលម្នាក់ ត្រូវបានតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០៥០៣/១៧២ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៣ ។
រីឯលោក ទ្រី ភាព ជាឈ្មួញឈើដ៏ល្បីឈ្មោះនៅកម្ពុជា និងជាឈ្មួញស្និទ្ធនឹងក្រុមគ្រួសាររបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រី ទទួលបានការតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៤/២១៤ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០០៤ ៕