Video Clip មួយបានបែកធ្លាយក្នុងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយម នៅវេលាព្រឹកនាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥នេះ ដែលបង្ហាញអំពីសកម្មភាពរបស់ឧកញ៉ាម្នាក់ និងអង្គរក្ស ប្រព្រឹត្តអំពើហិង្សាយ៉ាងចាស់ដៃទៅលើកញ្ញា សាសា អតីតពិធីការិនីស្ថានីយ៍ទូរទស្សន៍ CTN កាលពីរាត្រីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ ដោយបុរសមានងារជាឧកញ៉ារូបនោះបានវាយតប់ ចាប់បោចសក់អូសទម្លាក់ពីលើសាឡុងអង្គុយរួមគ្នា ធ្វើឲ្យកញ្ញា សាសា របូតសម្លៀកបំពាក់អស់សល់តែខោខ្លីទៀតផង ។
ថ្វីដ្បិតមិនទាន់មានប្រភពជាក់លាក់ណាមួយបញ្ជាក់ក៏ដោយ ប៉ុន្តែសកម្មភាពអំពើហិង្សាទៅលើកញ្ញា សាសា ក្នុង Video Clip នោះ ត្រូវបានមជ្ឈដ្ឋានអ្នកដឹងរឿងដាក់ការសង្ស័យទៅលើលោកឧកញ៉ាម្នាក់ ឈ្មោះ សុខ ប៊ុន ខណៈអំពើហិង្សានេះបានទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីប្រិយមិត្តអ្នកលេង Facebook ។
លោកឧកញ៉ា សុខ ប៊ុន នាយកក្រុមហ៊ុន TEHO Development និងជាប្រធានក្រុមហ៊ុនអ្នកវាយតម្លៃអចលនវត្ថុ មានទ្រព្យសម្បត្តិមហាសាលផងនោះ គេហទំព័រសារព័ត៌មានដើមត្នោតមិនទាន់អាចសុំការបំភ្លឺបញ្ជាក់បាននៅឡើយទេត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥នេះ ខណៈកញ្ញ សាសា ជាជនរងគ្រោះមិនបានធ្វើអត្ថាធិប្បាយប្រាប់អ្នកសារព័ត៌មានឡើយ គ្រាន់តែបានបញ្ជាក់យ៉ាងខ្លីថា "កំពុងជាប់រវល់ជាមួយសមត្ថកិច្ច" ។ ចម្លើយយ៉ាងខ្លីរបស់កញ្ញា សាសា ត្រូវបានមជ្ឈដ្ឋាននានាប៉ាន់ស្មានថា ប្រហែលជានាងកំពុងសហការផ្តល់ចម្លើយបំភ្លឺក្នុងហេតុការណ៍អំពើហិង្សានោះទៅដល់សមត្ថកិច្ចក៏ថាបាន ។
ករណីអំពើហិង្សាទៅលើកញ្ញា សាសា នេះ មជ្ឈដ្ឋាននានាបានផ្តោតអារម្មណ៍ខ្លាំងទៅលើការផ្តើមចេញពីកំហឹងក្នុងមុខរបរជំនួញ ឬក៏មានការពាក់ព័ន្ធទៅនឹងជីវិតឯកជន ។
លោក សុខ ប៊ុន ជាឈ្មួញដ៏មានឥទ្ធិពល និងទ្រព្យសម្បត្តិមួយរូប ត្រូវបានតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/១០១០/៧៩៥ ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១០ ៕