ពាក់ព័ន្ធនឹងពាក្យបណ្តឹងដែលរាយការណ៍ថា សំណុំរឿងក្តីព្រហ្មទណ្ឌមួយរបស់សាលាដំបូងខេត្តតាកែវមានភាពយឺតយ៉ាវមិនលើកយកមកចាត់ការនោះ ឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានចេញលិខិតផ្លូវការមួយច្បាប់ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅថ្មីៗ គោរពជូនលោកស្រី អ៊ិន ម៉ានិត្យ ប្រធានសាលាដំបូងខេត្តតាកែវ ឲ្យជួយអន្តរាគមន៍លើសំណុំរឿងព្រហ្មទណ្ឌនេះតាមការគួរ ។
លិខិតរបស់ ACU បានលើកឡើងថា ACU បានទទួល និងពិនិត្យលើពាក្យប្តឹងដែលបានរាយការណ៍ថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ នៅភូមិអារោង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ មានករណីហិង្សាមួយកើតឡើង ដោយជនរងគ្រោះត្រូវរបួសមុខ៥កន្លែង និងកញ្ចឹងក៣កន្លែងផ្សេងទៀត ។ ករណីនេះត្រូវបានមន្ត្រីអធិការដ្ឋាននគរបាលស្រុកបញ្ជូនសំណុំរឿងទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥ ។ បន្ទាប់មក មន្ត្រីស្នងការដ្ឋាននគរបាលខេត្តតាកែវបានបញ្ជូនបន្តមកសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ ប៉ុន្តែរហូតមកទល់បច្ចុប្បន្ន នៅមិនទាន់មានចំណាត់ការលើសំណុំរឿងខាងលើនេះនៅឡើយ ។
លោកស្រី អ៊ិន ម៉ានិត្យ អាយុ៥៩ឆ្នាំ ចូលបម្រើការងាររដ្ឋនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩៧៩ និងត្រូវបានតែងតាំងក្នុងក្របខ័ណ្ឌចៅក្រមដោយក្រឹត្យលេខ៤៣ក្រ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៩៣ ។ លោកស្រីធ្លាប់បម្រើការងារជាចៅក្រមសាលាដំបូងខេត្តកំពត និងត្រូវបានផ្ទេរភារកិច្ចឲ្យមកបម្រើការងារជាចៅក្រមនៅសាលាដំបូងខេត្តព្រះសីហនុ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២០៧/០៦៩ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០៧ ។ ក្រោយមក លោកស្រីត្រូវបានផ្ទេរភារកិច្ចឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តតាកែវ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១១/៦៩៥ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១ និងត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តតាកែវ ដោយព្រះរាជក្រឹត្យលេខនស/រកត/០១១៥/០៨៨ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ រហូតទល់បច្ចុប្បន្ន ៕