ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

រក​ឃើញ​ហើយ​រថយន្ត​ទំនើប​ពាក់​ស្លាក​លេខ​នគរបាល​ 2-7072​ ដែល​បំបាក់មុខ​បុរស​ខ្លាំង​និង​សម្តេច​ក្រឡាហោម​ គឺ​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ​

​កាលពី​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ធ្លាប់​បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា​ "​ម្ចាស់​រថយន្ត​នេះ​ហើយ​ដែល​បំបាក់មុខ​បុរស​ខ្លាំង​ និង​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​"​ ដោយ​អត្ថបទ​បាន​លើក​ឡើង​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​នូវ​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​ Land​ Cruiser​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​នគរបាល​ 2-7072​ ធ្វើ​ចរាចរណ៍​ប្រព្រឹត្ត​ផ្ទុយ​ ឬ​រំលោភ​បំពាន​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ និង​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ​១៤៣៣​ប្រ​.​ក​ ចុះ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០០៥​ ស្តី​ពី​ការ​ប្រើប្រាស់​ស្លាក​លេខ​ថ្មី​សំគាល់​យានជំនិះ​ និង​ជលយាន​នគរបាល​ និង​ការ​គ្រប់គ្រង​បញ្ជី​ប័ណ្ណ​សំគាល់​យានជំនិះ​គ្រប់​ប្រភេទ​ ឬ​ក៏​មាន​ន័យ​ស្មើនឹង​ម្ចាស់​រថយន្ត​នេះ​បំបាក់មុខ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ និង​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​យ៉ាង​គឃ្លើន​ ។​

​រយៈពេល​០៥​ថ្ងៃ​ក្រោយមក​ គឺ​កាលពី​ថ្ងៃ​ទី​០៦​ ខែកក្កដា​ ឆ្នាំ​២០១៥​ម្សិលមិញ​ នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​នាយកដ្ឋាន​កណ្តាល​សណ្តាប់ធ្នាប់​សាធារណៈ​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​ បាន​ចេញ​លិខិត​មួយ​បញ្ជាក់​ថា​ រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល​2-7072​នោះ​ មិន​មាន​ចុះបញ្ជី​ការ​គ្រប់គ្រង​នៅ​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ឡើយ​ ពោល​គឺជា​ប្រភេទ​ស្លាក​លេខ​ក្លែងក្លាយ​។​

​មាត្រា​៥,​ មាត្រា​៦​ និង​មាត្រា​១២​នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ បាន​ចែង​ថា​ "​ម្ចាស់​គ្រប់គ្រង​ និង​ម្ចាស់​កម្មសិទ្ធិ​យានយន្ត​ត្រូវ​បាន​បែងចែក​ជា​៨​ក្រុម​ ដូច​ខាងក្រោម​ ៖​ ក្រុម​ទី​៤​ ៖​ ម្ចាស់​គ្រប់គ្រង​យានយន្ត​ជា​របស់​ក្រសួងមហាផ្ទៃ​ ប្រើប្រាស់​សម្រាប់​ការងារ​សន្តិសុខ​ ឬ​សណ្តាប់ធ្នាប់​សង្គម​ ។​ ស្លាក​លេខ​យានយន្ត​មាន​៩​ប្រភេទ​ មាន​អក្សរ​ដើម​ជា​អក្សរ​ខ្មែរ​ និង​អក្សរ​ឡា​តាំង​ លេខ​កូដ​ លេខ​សម្គាល់​ និង​ពណ៌​ ដូច​ខាងក្រោម​ ៖​ ប្រភេទ​ទី​៤​ ៖​ នគរបាល​ 01.2-0001​ ផ្ទៃ​ពណ៌​ស​ អក្សរ​ និង​លេខ​ពណ៌​ក្រហម​ ។​ យានយន្ត​ក្នុង​ក្រុម​ទី​៤​ដែល​មាន​ចែង​ក្នុង​មាត្រា​៥​ខាងលើ​ គឺជា​យានយន្ត​ដែល​ប្រើប្រាស់​ជា​មធ្យោបាយ​សម្រាប់​ការងារ​ការពារ​សន្តិសុខ​ជាតិ​ និង​សណ្តាប់ធ្នាប់​សង្គម​ ។​ យានយន្ត​ប្រភេទ​នេះ​ត្រូវ​លាប​ពណ៌​ពិសេស​ដែល​កំណត់​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ នៅ​ជញ្ជាំង​ទ្វារ​សងខាង​ត្រូវ​មាន​រចនា​រូប​សញ្ញា​របស់​នគរបាល​ជាតិ​ និង​សរសេរ​អក្សរ​ នគរបាល​ជាតិ​ ជា​អក្សរ​ឡា​តាំង​ Police​ ដាក់​នៅ​ក្រោម​អក្សរ​ខ្មែរ​ ឬ​នៅ​លើ​តួ​យានយន្ត​ ។​ ទំហំ​អក្សរ​ លេខ​ និង​ស្លាក​ ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ។​ "​ និង​ប្រការ​២​នៃ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ​១៤៣៣​ប្រ​.​ក​ ចុះ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០០៥​ ស្តី​ពី​ការ​ប្រើប្រាស់​ស្លាក​លេខ​ថ្មី​សំគាល់​យានជំនិះ​ និង​ជលយាន​នគរបាល​ជាតិ​ និង​ការ​គ្រប់គ្រង​បញ្ជី​ប័ណ្ណ​សម្គាល់​យានជំនិះ​គ្រប់​ប្រភេទ​ បាន​ចែង​ថា​ "​ស្លាក​លេខ​យានយន្ត​មាន​៤​ប្រភេទ​ មាន​ទំហំ​ មាន​អក្សរ​ដើម​ជា​អក្សរ​ខ្មែរ​ មាន​លេខ​កូដ​ លេខ​សំគាល់​ អក្សរ​ឡា​តាំង​ ពណ៌​ សញ្ញា​សំគាល់​ ដូច​ខាងក្រោម​ ៖​ ស្លាក​លេខ​សម្រាប់​រថយន្ត​ធុន​តូច​(​ទេសចរណ៍​)​ ៖​ នគរបាល​ 2-0001​ POLICE"​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អនុលោម​តាម​មាត្រា​៧៩​នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០១១៥/០០១​ ចុះ​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​២០១៥​ បាន​ចែង​ថា​ "​ជន​ណា​ក្លែង​ប័ណ្ណបើកបរ​ ប័ណ្ណ​សម្គាល់​យានជំនិះ​ ស្លាក​លេខ​សម្គាល់​យានជំនិះ​ ឬ​លិខិតអនុញ្ញាត​ផ្សេងៗ​ដែល​ចេញ​ដោយ​អ្នករាជការ​សាធារណៈ​ ត្រូវ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៦២៩(​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​)​នៃ​ក្រមព្រហ្មទណ្ឌ​ ។​ "​ និង​មាត្រា​៦២៩​នៃ​ក្រមព្រហ្មទណ្ឌ​ បាន​ចែង​ថា​ "​ការ​ក្លែងបន្លំ​ប្រព្រឹត្ត​នៅ​ក្នុង​លិខិតយថាភូត​ ឬ​ការ​ក្លែងបន្លំ​ប្រព្រឹត្ត​នៅ​ក្នុង​ឯកសារ​ដែល​ចេញ​ឲ្យ​ដោយ​រាជការ​សាធារណៈ​ ដើម្បី​ធ្វើការ​កត់សម្គាល់​សិទ្ធិ​ អត្តសញ្ញាណ​ ឬ​ឋានៈ​ ឬ​ដើម្បី​យល់ព្រម​ផ្តល់​ការ​អនុញ្ញាត​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ​ ។​ "​ ដូច្នេះ​ ម្ចាស់​រថយន្ត​ ឬ​អ្នក​ប្រើប្រាស់​រថយន្ត​ទំនើប​ម៉ាក​ Land​ Cruiser​ ពាក់​ស្លាក​លេខ​នគរបាល​ 2-7072​ ដែល​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ​ មិន​ត្រឹមតែ​បំបាក់មុខ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ និង​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ឲ្យ​អាម៉ាស់​ប៉ុណ្ណោះ​ទេ​ គឺ​ត្រូវ​ទទួល​រង​ការ​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​ថែម​ទៀត​ ៕​

Police-careCar-Police

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.