មានហេតុការណ៍ផ្ទុះអាវុធមួយបានកើតឡើងវេលាម៉ោង១១និង៣០នាទីព្រឹក នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥នេះ ឋិតនៅតាមបណ្តោយផ្លូវលេខ២៧១(មហាវិថីខេមរភូមិន្ទ) សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលឲ្យបុរសម្នាក់ជាសន្តិសុខឯកជននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយឈ្មោះ អ៊ូរី ហ្វាយនិន ខេមបូឌា ភីអិលស៊ី (Woori Finance Cambodia Plc.) រងរបួសធ្ងន់ធ្ងរ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតជាបន្ទាន់ ខណៈជនបង្កបានរត់គេចខ្លួនបាត់ ។
សមត្ថកិច្ចមូលដ្ឋានបានបង្ហើបប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អាង រង្សី ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹងត្របែក មានមុខរបរជាសន្តិសុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈ្មោះ អ៊ូរី ហ្វាយនិន ខេមបូឌា ភីអិលស៊ី (Woori Finance Cambodia Plc.) ។ រីឯបុរសជាជនបង្កត្រូវបានគេស្គាល់ឈ្មោះថា ហ៊ុន សុផល ជាមន្ត្រីកងរាជអាវុធហត្ថ ប៉ុន្តែមិនទាន់បានដឹងបម្រើការនៅអង្គភាពណាមួយនៅឡើយទេ ដ្បិតក្រោយពេលកើតហេតុភ្លាមៗ ជនបង្ករូបនោះបានរត់គេចខ្លួនបាត់ស្រមោល ។
ករណីផ្ទុះអាវុធចំនួន១គ្រាប់នេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើសេចក្តីរាយការណ៍ជាបឋមថា បណ្តាលមកពីបុរសជាជនបង្កធ្វើឲ្យជ្រុះអាវុធ រួចហើយរាលកៃប៉ះចំជនរងគ្រោះតែម្តង ។ ទោះយ៉ាងណា សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស៊ើបអង្កេតករណីនេះឲ្យបានច្បាស់លាស់បន្តទៀតនៅឡើយ ៕