ក្រសួងរ៉ែនិងថាមពល ដែលមានឯកឧត្តម ស៊ុយ សែម ជារដ្ឋមន្ត្រី បានចេញប្រកាសមួយលេខ០២០៧រថ.អជរ.ប្រក ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ ដោយកំណត់ផ្ទៃដីរក្សាទុកជាតំបន់រ៉ែទំហំ៤៣ហិកតា មានទីតាំងឋិតនៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី សម្រាប់ឲ្យប្រជាពលរដ្ឋកម្ពុជាមានទីលំនៅអចិន្ត្រៃយ៍ក្នុងតំបន់នោះធ្វើអាជីវកម្មធនធានរ៉ែមានលក្ខណៈជាសិប្បកម្ម និងខ្នាតតូច ក្រោមក្របខ័ណ្ឌសហគមន៍ ។
អាជ្ញាប័ណ្ណធនធានរ៉ែនឹងត្រូវផ្តល់ឲ្យសមាជិកនីមួយៗនៃសហគមន៍ ដោយមន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគិរី ហើយសមាជិកសហគមន៍ដែលទទួលបានអាជ្ញាប័ណ្ណធនធានរ៉ែ ត្រូវអនុវត្តន៍ប្រតិបត្តិការធនធានរ៉ែ ដោយប្រើប្រាស់បច្ចេកទេស និងវិធីសាស្ត្រចម្រាញ់យករ៉ែស្របតាមលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងប្រកបដោយការទទួលខុសត្រូវខ្ពស់លើសេដ្ឋកិច្ច សង្គម និងបរិស្ថាន ស្របតាមបទប្បញត្តិច្បាប់ ។
ប្រការ៥នៃប្រកាសរបស់ក្រសួងរ៉ែនិងថាមពល បានបញ្ជាក់ឲ្យដឹងថា តំបន់អាជ្ញាប័ណ្ណធនធានរ៉ែនីមួយៗត្រូវមានទំហំមិនលើសពី១ហិកតា និងមានលក្ខខណ្ឌជម្រៅមិនលើសពី២០ម៉ែត្រចាប់ពីផ្ទៃដីខាងលើ ។ រាល់ការជីកលង់មិនត្រូវចេញក្រៅដែនអាជ្ញាប័ណ្ណដែលផ្តល់ជូនឡើយ ។ ការប្រើប្រាស់សារធាតុគិមីណាមួយក្នុងប្រតិបត្តិការធនធានរ៉ែ ត្រូវហាមឃាត់ជាដាច់ខាត ។ ការប្រើប្រាស់រំសេវជាតិផ្ទុះត្រូវមានការគ្រប់គ្រង និងអនុញ្ញាតត្រឹមត្រូវដោយសមត្ថកិច្ចពាក់ព័ន្ធ ។ រាល់ការជីកអណ្តូងរ៉ែត្រូវអនុវត្តន៍ដោយប្រកាន់គោលការណ៍សុវត្ថិភាពជាចម្បង និងត្រូវបំពាក់ប្រព័ន្ធការពារសុវត្ថិភាព និងលក្ខខណ្ឌនានាសមស្រប ។
ដោយឡែក ប្រការ៨នៃប្រកាសរបស់ក្រសួងរ៉ែនិងថាមពលដដែល ក៏បានបញ្ជាក់ឲ្យដឹងដែរថា ការផ្តល់អាជ្ញាប័ណ្ណធនធានរ៉ែក្នុងតំបន់រ៉ែសហគមន៍នេះ មិនមែនជាកម្មវត្ថុនៃការអនុញ្ញាតឲ្យមានការកាប់ឆ្ការ ដុត ឈូសឆាយ និងហ៊ុំព័ទ្ធកាន់កាប់ដីព្រៃឈើ ការតាំងទីលំនៅ ឬការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ ៕