នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥នេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ ហ៊ុន សែន ជាប្រមុខ បានសម្រេចធ្វើលិខិតផ្លូវការជម្រាបជូនឯកឧត្តម បាន គីមូន (Ban Ki-Moon) អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ស្នើសុំខ្ចីផែនទីដើមទាំងអស់ដែលកម្ពុជាបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ (UN) មកប្រើប្រាស់ដើម្បីផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវពិតប្រាកដ ជាមួយនឹងផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងប្រើប្រាស់សម្រាប់កំណត់ព្រំដែនគោក និងព្រំដែនទឹក រវាងព្រះរាជាណាចក្រកម្ពុជាជាមួយនឹងប្រទេសជិតខាង ។
លិខិតផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៣៥សជណ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥ ដែលបានជម្រាបជូនឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ៖ នៅឆ្នាំ១៩៦៤ សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា បានយកផែនទីបោន(Bonne)ខ្នាត ១/១០០.០០០ បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន ទៅតម្កល់ទុកនៅអង្គការសហប្រជាជាតិ ហើយតាមរយៈនេះព្រះអង្គបានអំពាវនាវឲ្យមានការធានារ៉ាប់រងពីសំណាក់មហាអំណាចនានា ក្នុងការគោរពបូរណភាពទឹកដីកម្ពុជាតាមផ្លូវច្បាប់អន្តរជាតិ និងឲ្យទទួលស្គាល់ ព្រមទាំងគោរពឯករាជ្យ អព្យាក្រឹតភាព បូរណភាពទឹកដីកម្ពុជាក្នុងរង្វង់ខ្សែព្រំដែនបច្ចុប្បន្ននាពេលនោះ ដោយបានប្រកាសដាច់ខាតថា ខ្សែព្រំដែននេះមិនអាចសើរើ និងកែប្រែបានឡើយ៕