ក្រុមកម្មករ កម្មការិនី និងប្រិយមិត្តអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយម បានសម្តែងនូវការរិះគន់ទៅលើសម្ព័ន្ធសហជីពការងារឯករាជ្យ (ILUC) ដែលមានលោក ឆេង ឈន់ ជាប្រធាន បានប្រើប្រាស់បាវចនារបស់ជាតិដាក់នៅក្រោមក្បាលលិខិត និងឈ្មោះសហជីពរបស់ខ្លួនទៅវិញ គឺមានន័យស្មើនឹងការប្រមាថ ឬមិនឲ្យតម្លៃទៅលើបាវចនានៃព្រះរាជាណាចក្រកម្ពុជា ។
មាត្រា៤នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា "បាវចនានៃព្រះរាជាណាចក្រកម្ពុជា គឺ ៖ ជាតិ សាសនា ព្រះមហាក្សត្រ" ។
ដោយឡែក នៅក្នុងលិខិតតែងតាំងផ្លូវការមួយ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ របស់សម្ព័ន្ធសហជីពការងារឯករាជ្យ ដែលចុះហត្ថលេខាដោយលោក ឆេង ឈន់ ជាប្រធាន បានដាក់បាវចនានៃព្រះរាជាណាចក្រកម្ពុជា នៅក្រោមស្លាកសញ្ញា និងឈ្មោះសហជីពរបស់ខ្លួន ។
ជាមួយនឹងការរិះគន់នេះ ប្រិយមិត្តអ្នកលេង Facebook និងកម្មករ កម្មការិនី បានសំណូមពរចំពោះឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មេត្តាត្រួតពិនិត្យមើល និងមានវិធានការទៅលើការមិនឲ្យតម្លៃបាវចនានៃព្រះរាជាណាចក្រកម្ពុជា បង្កឡើងដោយលោក ឆេង ឈន់ ជាប្រធានសម្ព័ន្ធសហជីពការងារឯករាជ្យនោះផង ៕