ប្រិយមិត្តអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយម នាថ្ងៃចុងសប្តាហ៍នេះ បាននាំគ្នាចាប់អារម្មណ៍ជាពិសេសទៅលើរូបថតមួយសន្លឹក ដែលបង្ហាញអំពីសកម្មភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទំនងជាកំពុងរាយការណ៍អំពីកិច្ចការអ្វីមួយជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងអង្គពិធីមួយដែលមានវត្តមានមន្ត្រី និងអ្នកសារព័ត៌មានចូលរួមច្រើននាក់ ហើយបែរជាសម្តេចក្រឡាហោម ស ខេង ហាក់ដូចមិនបានចាប់អារម្មណ៍បន្តិចណាទាល់តែសោះ ទៅនឹងរបាយការណ៍ផ្ទាល់មាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ។
សកម្មភាពដែលឆ្លុះបញ្ចាំងតាមរយៈរូបថតមួយសន្លឹកនេះ គឺបានបង្ហាញឲ្យឃើញថា ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានអង្គុយឱនលំទោនរាយការណ៍អំពីកិច្ចការអ្វីមួយជូនសម្តេចក្រឡាហោម ស ខេង ខណៈសម្តេចក្រឡាហោម ស ខេង កំពុងអង្គុយលើកៅអីសាឡុងស្រាប់ ប៉ុន្តែសេចក្តីរាយការណ៍ផ្ទាល់មាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ហាក់ដូចមិនត្រូវបានសម្តេចក្រឡាហោម ស ខេង យកចិត្តទុកដាក់ស្តាប់ទាល់តែសោះ ដោយសម្តេចក្រឡាហោម ស ខេង កំពុងផ្តោតអារម្មណ៍ទៅលើទូរស័ព្ទដៃផ្ទាល់ខ្លួនរបស់សម្តេចទៅវិញ ។
ប្រិយមិត្តអ្នកលេង Facebook ដ៏សកម្មម្នាក់ដែលប្រើប្រាស់ Account ឈ្មោះ Chham Chhany បាន Post ដាក់ចំណងជើងរូបថតនេះនៅក្នុង Timeline របស់ខ្លួនមានខ្លឹមសារថា " នេត សាវឿន អគ្គស្នងការនគរបាលជាតិ រាយការណ៍ក្រឡាហោមពីរឿងអន្តោប្រវេសន៍ខុសច្បាប់ តែក្រឡាហោមអត់បានស្តាប់ ព្រោះជាប់ចុច Like" ៕