បញ្ហាចម្រូងចម្រាសបូរណភាពទឹកដីព្រំដែនគោករវាងកម្ពុជានិងវៀតណាម ដែលដំណើរការខណ្ឌសីមា និងបោះបង្គោលតាមសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ចុះហត្ថលេខានៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ ដោយសម្តេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ ហ៊ុន សែន ហៅបុរសខ្លាំង ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាន វ៉ាន់ខាយ (Phan Van Khai ) ក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានក្លាយជាច្បាប់អនុម័តយល់ព្រមទាំងតក់ក្រហល់ និងប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/១១០៥/០៣៩ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៥នោះ បាន"ឡើងកម្តៅ"ជាបណ្តើរៗហើយ រហូតដល់មានផ្ទុះអំពើហិង្សាកើតឡើងនៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរថែមទៀត ខណៈការអះអាងអំពីការប្រើប្រាស់ផែនទីខុសគ្នាដើម្បីខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ព្រមទាំងផែនទីព្រំដែនគោកបោះពុម្ពដោយយួន ក៏ក្លាយជាចំណុចចាប់អារម្មណ៍ខ្លាំងផងដែរ ។
មាត្រា២នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា និយាយអំពីអធិបតេយ្យ បានចែងថា "បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទីខ្នាត១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩ ។ " ។
ដោយឡែក ប្រការ៣ ចំណុចទី១ និងចំណុចទី២ នៃសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥នោះ បានបញ្ជាក់ថា "១-ក្រុមជំនាញបច្ចេកទេសនៃភាគីនីមួយៗនឹងពិនិត្យ និងធ្វើការផ្ទៀងផ្ទាត់ជាឯកតោភាគីនៃការចម្លងឡើងវិញនូវខ្សែព្រំដែនពីផែនទី Bonne ខ្នាត ១/១០០.០០០ របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិន អមសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ១៩៨៥ មកលើផែនទី UTM ខ្នាត១/៥០.០០០ អមសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ១៩៨៥ ។ ២-ភាគីវៀតណាមនឹងជួយភាគីកម្ពុជាបោះពុម្ពឡើងវិញនូវផែនទី UTM ខ្នាត១/៥០.០០០ ចំនួន៤០ផ្ទាំង ដែលមានឋានលេខាដូចគ្នានឹងផែនទី UTM ខ្នាត១/៥០.០០០ អមសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ១៩៨៥ ជា៥ច្បាប់ ។ " ។
ខ្លឹមសារប្រការ៣ ចំណុចទី១ និងចំណុចទី២ នៃសន្ធិសញ្ញាបំពេញបន្ថែម ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥នោះ គឺបានបង្ហាញឲ្យឃើញថា ផែនទី UTM ខ្នាត១/៥០.០០០ ត្រូវបានយកមកធ្វើជាមូលដ្ឋានក្នុងការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងខ្មែរនិងយួន ហើយយួនជាអ្នកបោះពុម្ពផែនទី UTM ខ្នាត១/៥០.០០០ ឲ្យខ្មែរប្រើប្រាស់ទៀតផង ដែលផ្ទុយទៅនឹងអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ដូចមានចែងក្នុងមាត្រា២នៃរដ្ឋធម្មនុញ្ញ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា អនុលោមតាមមាត្រា៥៥ និងមាត្រា១៥០ថ្មី កថាខណ្ឌទី២នៃរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា "សន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិ របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល ។ ច្បាប់និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត ។ " ដូច្នេះ ច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ដែលមិនស្របនឹងរដ្ឋធម្មនុញ្ញ និងអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា គឺត្រូវតែលុបចោល ឬទុកជាមោឃៈដាច់ខាត ៕