ប្រិយមិត្តអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយម បានរកឃើញរថយន្តទំនើបមួយគ្រឿងម៉ាក Lexus ពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ02.2-5000 យ៉ាងហ៊ឺហា ចតនៅតាមដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញ ដែលម្ចាស់រថយន្តនេះបានដាក់តាំងទង់ជាតិយួនអមជាមួយទង់ជាតិព្រះរាជាណាចក្រកម្ពុជា នៅក្នុងរថយន្តរបស់ខ្លួន ក្នុងន័យសំដៅថា "ស្រឡាញ់យួនដល់ឆ្អឹង" ។
យោងតាមប្រកាសលេខ០៦៤/២០០៩ប្រ.ក ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៩ របស់ក្រសួងការពារជាតិស្តីពីការចេញប័ណ្ណ ស្លាកលេខចរាចរណ៍ និងសញ្ញាសំគាល់ស្ថាប័ន កងឯករាជភាពក្នុងកងយោធពលខេមរភូមិន្ទ នៅត្រង់ប្រការ៤ គឺរថយន្តដែលពាក់ស្លាកលេខខេមរភូមិន្ទ02.2-5000 នោះ ជារថយន្តសំគាល់ប្រើប្រាស់ដោយអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកតាមដានកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា អនុលោមតាមស្មារតីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៧៧អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះត្រង់មាត្រា៥, មាត្រា៦ និងមាត្រា១១ និងប្រកាសលេខ០៦៤/២០០៩ប្រ.ក ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៩ របស់ក្រសួងការពារជាតិ ស្តីពីការចេញប័ណ្ណ ស្លាកលេខចរាចរណ៍ និងសញ្ញាសំគាល់ស្ថាប័ន កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ គឺរថយន្តពាក់ស្លាកលេខខេមរភូមិន្ទ02.2-5000 ត្រូវជារថយន្តគ្រប់គ្រងដោយក្រសួងការពារជាតិ ដែលជាកម្មសិទ្ធិរបស់ស្ថាប័នរដ្ឋ ។ ផ្ទុយទៅវិញ ប្រសិនបើរថយន្តនេះជាកម្មសិទ្ធិឯកជន បែរជាយកមកពាក់ស្លាកលេខខេមរភូមិន្ទដូច្នេះ គឺជាការប្រព្រឹត្តផ្ទុយទៅនឹងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងប្រកាសរបស់ក្រសួងការពារជាតិ និងក៏មានន័យផងដែរជាការបំបាក់មុខសម្តេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ យ៉ាងធ្ងន់ធ្ងរ ៕