ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​មួយ​ចំនួន​របស់​តុលាការ​ ក្លាយជា​”​ក្រដាសអនាម័យ​”​ ក្រោម​ឥទ្ធិពល​ទឹក​លុយ​និង​អំណាច​សម័យ​បុរស​ខ្លាំង​

​អំណាច​និង​លុយ​ ពិតជា​មាន​ឥទ្ធិពល​មហា​ធំធេង​ណាស់​នៅ​ក្នុង​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ គ្រប់គ្រង​អំណាច​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ គឺ​ឥទ្ធិពល​នេះ​អាច​ធ្វើ​ឲ្យ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ដែល​មាន​អំណាច​ និង​ជន​ដែល​មាន​លុយ​មួយ​ចំនួន​របស់​ស្ថាប័ន​តុលាការ​ ដែល​អះអាង​ក្នុង​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា​ ជា​ស្ថាប័ន​ឯករាជ្យ​នោះ​ ក្លាយទៅជា​"​ក្រដាសអនាម័យ​"​ គ្មាន​ប្រសិទ្ធភាព​ទាល់តែ​សោះ​ ហើយ​អាច​ធ្វើ​ឲ្យ​ជន​ត្រូវ​ចោទ​ ឬ​ជនជាប់ចោទ​ ឬ​ទណ្ឌិត​បាន​រួចខ្លួន​ផុត​ពី​ការ​ទទួលទោស​ទណ្ឌ​ក្នុង​ពន្ធនាគារ​ទៀត​ផង​ ។​

​នា​ពេល​នេះ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ សូម​លើកយក​ព័ស្តុតាង​ចំនួន​២​ករណី​ ក្នុង​ចំណោម​ករណី​ជា​ច្រើន​ទៀត​មក​ចុះ​ផ្សាយ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​ បាន​ជ្រាប​ និង​ពិចារណា​ ដូច​ខាងក្រោម​ ៖

១-​សំណុំរឿង​ក្តី​ពាក់ព័ន្ធ​នឹង​លោក​ ម៉ី​ រ​ដ្ឋា​ នាយក​ក្រុមហ៊ុន​ Campas​ អតីត​ទីប្រឹក្សា​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ៖

​លោក​ ម៉ី​ រ​ដ្ឋា​ ដែល​មាន​ភរិយា​ឈ្មោះ​ ទី​ លី​ន​ណា​ ជា​សិល្ប​ការិនី​ និង​ជានា​យក​ក្រុមហ៊ុន​ Campas​ និង​ជា​អតីត​ទីប្រឹក្សា​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ អតីត​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​២​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១០/០៧៣​ ចុះ​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១០)​ ដោយសារ​មាន​សំណុំរឿង​ក្តី​ព្រហ្មទណ្ឌ​ហូរហែ​នៅ​ស្ថាប័ន​តុលាការ​ ទើប​ធ្លាប់​ត្រូវ​បាន​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​-​ឃុំខ្លួន​នា​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១១​ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ នា​អំឡុង​ឆ្នាំ​២០០៨​ ។​

​ក្រោយមក​ ព្រោះតែ​មានរឿង​អាស្រូវ​បែប​នេះ​ ឯកឧត្តម​ ម៉ី​ រ​ដ្ឋា​ ក៏​ត្រូវ​បាន​ដកហូត​មុខ​តំណែង​ពី​ទីប្រឹក្សា​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ អតីត​ប្រធាន​ព្រឹទ្ធសភា​នីតិកាល​ទី​២​វិញ​យ៉ាង​តក់ក្រហល់​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១១/១០៣២​ ចុះ​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ចាប់តាំងពី​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ចេញ​ដីកា​បង្គាប់​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ​ ម៉ី​ រ​ដ្ឋា​ នា​ឆ្នាំ​២០១១​មក​ គឺ​ជន​ត្រូវ​ចោទ​រូប​នេះ​មក​ទល់​បច្ចុប្បន្ន​មាន​រយៈពេល​ជិត​៤​ឆ្នាំទៅ​ហើយ​ មិន​ត្រូវ​បាន​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​បាន​នៅឡើយ​ទេ​ ។​

​ថ្មីៗ​នេះ​ ប្រភព​ព័ត៌មាន​ពី​អ្នក​ធ្លាប់​ស្គាល់​លោក​ ម៉ី​ រ​ដ្ឋា​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ គេ​បានឃើញ​វត្តមាន​ឈ្មោះ​ ម៉ី​ រ​ដ្ឋា​ បង្ហាញខ្លួន​នៅ​រាជធានី​ភ្នំពេញ​សឹង​អចិន្ត្រៃយ៍​យ៉ាង​ហ៊ឺហា​ ខណៈ​អ្នក​ទាំងនោះ​បាន​ចោទ​ជា​សំណួរ​ថា​ តើ​ជន​ត្រូវ​ចោទ​ ឬ​ជនជាប់ចោទ​ឈ្មោះ​ ម៉ី​ រ​ដ្ឋា​ ត្រូវ​តុលាការ​សម្រេច​សា​ជា​ថ្មី​លែង​ឲ្យ​ចាប់ខ្លួន​វិញ​ ឬ​យ៉ាងណា​ ឬ​ក៏​ឈ្មោះ​ ម៉ី​ រ​ដ្ឋា​ មានឱកាស​បាន​រួច​ផុត​ពី​អាជ្ញា​យុ​កាល​នៃ​ទោស​បាត់​ទៅ​ហើយ​ ?

២-​សំណុំរឿង​ក្តី​ពាក់ព័ន្ធ​នឹង​លោក​ ឈូក​ បណ្ឌិត​ អតីត​អភិបាល​នៃ​គណៈ​អភិបាលក្រុង​បា​វិត​ ខេត្តស្វាយរៀង​ ៖

​បន្ទាប់​ពី​បាន​បង្ក​ឲ្យ​មាន​សំណុំរឿង​បាញ់ប្រហារ​ទៅ​លើ​កម្មការិនី​ចំនួន​៣​នាក់​ បម្រើ​ការងារ​នៅ​រោងចក្រ​ផលិត​ស្បែកជើង​កៅ​វ៉េ​ "Kao​ Way"​ ឋិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បា​វិត​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​សឹង​បាត់បង់​ជីវិត​នា​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០១២​រួច​មក​ លោក​ ឈូក​ បណ្ឌិត​ អតីត​អភិបាល​នៃ​គណៈ​អភិបាលក្រុង​បា​វិត​ ខេត្តស្វាយរៀង​ ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តស្វាយរៀង​វិនិច្ឆ័យ​សេចក្តីសម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​១៨​ខែ​ ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អ​ចេតនា​ និង​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​សាធារណៈ​ស្វែងរក​ចាប់ខ្លួន​ជនជាប់ចោទ​រូប​នេះ​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៣​ ។​

​រហូត​មក​ដល់​ចុងឆ្នាំ​២០១៤​កន្លង​ទៅ​ ខណៈ​ស្ថាប័ន​តុលាការ​កំពូល​វិនិច្ឆ័យ​សេចក្តីសម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ​ ឈូក​ បណ្ឌិត​ ជា​ស្ថាពរ​ ក្លាយជា​ទណ្ឌិត​នោះ​ គឺ​ទណ្ឌិត​ ឈូក​ បណ្ឌិត​ មិន​ត្រូវ​បាន​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​យក​មក​ឲ្យ​ទទួល​អនុវត្តន៍​ទោស​នៅ​ក្នុង​ពន្ធនាគារ​បន្តិច​ណា​ឡើយ​ ហើយ​អាជ្ញា​យុ​កាល​នៃ​ទោស​របស់​ទណ្ឌិត​ ឈូក​ បណ្ឌិត​ ក៏​ជិត​ផុតរលត់​ទៀត​ដែរ​ បើ​អនុលោម​តាម​បញ្ញត្តិ​មាត្រា​១៤៤​ កថាខណ្ឌ​ទី​២​នៃ​ក្រមព្រហ្មទណ្ឌ​ ដែល​បាន​ចែង​ថា​ "​ទោស​ដែល​ប្រកាស​ពី​បទមជ្ឈិម​មាន​អាជ្ញា​យុ​កាល​៥​ឆ្នាំ​"​ ។​

​សរុបសេចក្តី​មក​ ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​មួយ​ចំនួន​ ដូច​ជា​ ឈ្មោះ​ ម៉ី​ រ​ដ្ឋា​ និង​ឈ្មោះ​ ឈូក​ បណ្ឌិត​ ជាដើម​ ដែល​ជា​អ្នកមាន​លុយកាក់​ និង​ជា​អ្នកមាន​អំណាច​របស់​ស្ថាប័ន​តុលាការ​ គឺ​គ្មាន​ប្រសិទ្ធភាព​ឡើយ​ ហើយ​ប្រៀបប្រដូច​ទៅ​នឹង​ "​ក្រដាសអនាម័យ​"​ ក្រោម​ឥទ្ធិពល​ទឹក​លុយ​ និង​អំណាច​ នា​សម័យ​បុរស​ខ្លាំង​គ្រប់គ្រង​ប្រទេស​ ៕​

Mey-Ratha chhouk-bandithMey-Ratha-2

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.