ប្រភពព័ត៌មានពីមន្ត្រីរដ្ឋបាលជលផល បានបង្ហើបប្រាប់ឲ្យដឹងថា មន្ត្រីសង្កាត់រដ្ឋបាលជលផលស្រុកពញាឮ ខេត្តកណ្តាល ចំនួន២នាក់ និងឧកញ៉ាចំនួន២នាក់ទៀត ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងស្រុកពញាឮ ខេត្តកណ្តាល ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ មានឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជាប្រធាន ដោយចោទប្រកាន់ថា សមគំនិតគ្នាប្រព្រឹត្តពុករលួយ បង្កើតឲ្យមានគន្លងដាយត្រីក្នុងភូមិសាស្ត្រខេត្តកណ្តាល តាមដងទន្លេសាប ក្រោមរូបភាពវិនិយោគ និងការសិក្សា ធ្វើឲ្យទិន្នផលត្រីនៅតាមឡូត៍ដាយស្របច្បាប់ថយចុះ និងបាត់បង់ថវិកាជាតិ ។
ឧកញ៉ាចំនួន២នាក់ដែលត្រូវប្រជាពលរដ្ឋប្តឹងចោទប្រកាន់ក្នុងរឿងពុករលួយ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មគន្លងដាយត្រីមានភាពមិនប្រក្រតីទៅអង្គភាពប្រឆាំងអំពើពុករលួយ(ACU)នោះ គឺលោកឧកញ៉ា ឡូវ ហ៊ឹង និងលោកឧកញ៉ា ប៊ុត ចាន់ធូ ។
ប្រភពព័ត៌មានដដែលបានបង្ហើបឲ្យដឹងដែរថា លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកឧកញ៉ា ប៊ុត ចាន់ធូ ត្រូវបាន ACU កោះហៅម្តងម្នាក់ៗឲ្យចូលទៅបំភ្លឺនៅ ACU រួចហើយ ពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់ក្រុមប្រជាពលរដ្ឋ ប៉ុន្តែគេមិនទាន់បានដឹងអំពីចំណាត់ការយ៉ាងណាពី ACU យ៉ាងណានៅឡើយទេ ។
សេចក្តីរាយការណ៍ពីក្រុមប្រជាពលរដ្ឋជាម្ចាស់បណ្តឹង បានរៀបរាប់ឲ្យដឹងថា ក្រោយពេលរដ្ឋបាលជលផលបង្កើតគន្លងដាយថ្មីៗជាង១០គន្លង ក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្តាល ក្រោមរូបភាពវិនិយោគ និងសិក្សាស្រាវជ្រាវនោះ គឺក្រុមឈ្មួញឡូត៍នេសាទ និងមន្ត្រីរដ្ឋបាលជលផលមួយចំនួនដែលសមគំនិតគ្នា បានស្ទាក់ចាប់យកត្រីអស់មួយភាគធំ ធ្វើឲ្យទិន្នផលត្រីនៅតាមឡូត៍ដាយស្របច្បាប់ថយចុះ ។ ម្យ៉ាងទៀត ចំណូលដែលបានមកពីការធ្វើអាជីវកម្មគន្លងដាយតាមរូបភាពវិនិយោគទៅឲ្យលោកឧកញ៉ា ឡូវ ហ៊ឹង និងលោកឧកញ៉ា ប៊ុត ចាន់ធូ ក្នុងមួយឆ្នាំៗមានតម្លៃរាប់ពាន់លានរៀលនោះបានចូលក្នុងខ្ទង់ថវិកាជាតិកម្រិតតិចតួចប៉ុណ្ណោះ។
មន្ត្រីរដ្ឋបាលជលផលដែលពាក់ព័ន្ធ ព្រមទាំងលោកឧកញ៉ា ឡូវ ហ៊ឹង និងលោកឧកញ៉ា ប៊ុត ចាន់ធូ មិនទាន់អាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបញ្ជាក់ ទាក់ទងនឹងបណ្តឹងរបស់ក្រុមប្រជាពលរដ្ឋទៅ ACU នោះនៅឡើយទេ ដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង ។
លោក ឡូវ ហ៊ឹង ត្រូវបានតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០៣៩៩/៣៣ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ១៩៩៩ ។ រីឯលោក ប៊ុត ចាន់ធូ ត្រូវបានតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៤/០៦៨ ចុះថ្ងៃទី១៧ខែធ្នូឆ្នាំ២០០៤៕