សារព័ត៌មាន Bangkok Post បានចុះផ្សាយឲ្យដឹងថា ថៃបានព្រមព្រៀងបញ្ជាទិញនាវាមុជទឹកពីប្រទេសចិនចំនួន៣គ្រឿង សម្រាប់បំពាក់ឲ្យកងទ័ពជើងទឹករបស់ខ្លួន ដោយគណៈកម្មការស្តីពីការសិក្សាបញ្ជាទិញនាវាមុជទឹកនេះ មានចំនួន១៧នាក់ បានបោះឆ្នោតអនុម័តយល់ព្រមរួចរាល់ហើយ ។
នាវាមុជទឹកទាំង៣គ្រឿងដែលថៃបានបញ្ជាទិញពីប្រទេសចិននេះ មានតម្លៃ១២ពាន់លានបាត(លុយថៃ)ឬប្រមាណ៣៥៥លានដុល្លារអាមេរិកក្នុង១គ្រឿង ។
ប្រភពព័ត៌មានពី Bangkok Post ដដែលបានឲ្យដឹងដែរថា មូលហេតុដែលនាំឲ្យថៃព្រមព្រៀងទិញនាវាមុជទឹកពីប្រទេសចិននោះ គឺដោយសារនាវាមុជទឹកចិនមានតម្លៃប្រកួតប្រជែងជាងគេ និងចិនក៏បានសន្យាបំពាក់នូវសព្វាវុធទំនើប និងបច្ចេកវិទ្យាខ្ពស់ រួមទាំងសេវាហ្វឹកហាត់ទៀតផង ៕