ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ឧកញ៉ា​បណ្ឌិត​ ថៅកែ​សាលា​ខាប់​(CUP)​ទទួលស្គាល់​ភាព​អយុត្តិធម៌​និង​ការ​ឈឺចាប់​ ក្រោម​ស្នាដៃ​តុលាការ​សម័យ​តេ​ជោ​

​អតីត​អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​មណ្ឌល​ខេត្តកណ្តាល​ និង​មាន​ងារ​ជា​ឧកញ៉ា​ មាន​លុយកាក់​ខ្ទង់លាន​ដុល្លារ​អា​មេ​រិ​ក​ ព្រមទាំង​ជា​ថៅកែ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​(CUP-​ខាប់​)​ គឺ​លោក​បណ្ឌិត​ ជា​ ចំរើន​ បាន​លាន់មាត់​ទទួលស្គាល់​នូវ​ភាព​អយុត្តិធម៌​ និង​ការ​ឈឺចាប់​ហើយ​ ក្រោម​ស្នាដៃ​របស់​តុលាការ​សម័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បន្ទាប់​ពី​មានរឿង​ក្តីក្តាំ​ផ្ទាល់ខ្លួន​ ទាំង​រឿង​ព្រហ្មទណ្ឌ​ ទាំង​រឿង​រដ្ឋប្បវេណី​ នៅ​ស្ថាប័ន​តុលាការ​ជា​ហូរហែ​រួច​មក​ ។​

​រូបភាព​នៃ​ការ​បរាជ័យ​ផ្ទួនៗ​របស់​លោក​ឧកញ៉ា​បណ្ឌិត​ ជា​ ចំរើន​ និង​លោកស្រី​ឧកញ៉ា​ ចាប​ ច័ន្ទ​ម៉ា​នី​កា​ ជា​ភរិយា​ ក្នុង​សំណុំរឿង​ក្តី​នៅ​ស្ថាប័ន​តុលាការ​ មាន​ដូច​ខាងក្រោម​ ៖

១-​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​មាន​លោក​ឧកញ៉ា​បណ្ឌិត​ ជា​ ចំរើន​ ជាដើម​បណ្តឹងរដ្ឋប្បវេណី​ ក្នុង​រឿង​ឆបោក​ប្រាក់​ ៖

​កាលពីដើម​ឆ្នាំ​២០១០​ លោក​ឧកញ៉ា​បណ្ឌិត​ ជា​ ចំរើន​ ធ្លាប់​បាន​ប្តឹង​លោកស្រី​ អ៊ឹ​ង​ រិ​ទ្ធា​ ពី​បទ​ឆបោក​ប្រាក់​ ប៉ុន្តែ​នៅ​ទីបំផុត​ ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​បាន​វិនិច្ឆ័យ​សេចក្តី​ចេញ​ជា​សាលដីកា​ព្រហ្មទណ្ឌ​លេខ​២១២​ ចុះ​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ សម្រេច​ឲ្យ​លោកស្រី​ អ៊ឹ​ង​ រិ​ទ្ធា​ ជា​ជនជាប់ចោទ​ បាន​រួច​ផុត​ពី​ការ​ចោទប្រកាន់​ក្នុង​បទ​ឆបោក​ប្រាក់​ជា​ស្ថាពរ​ ។​ មាន​ន័យ​ថា​ លោក​ឧកញ៉ា​បណ្ឌិត​ ជា​ ចំរើន​ បាន​"​បាក់ទ័ព​"​ ក្រោម​ដៃគូ​ក្តី​របស់​ខ្លួន​នៅ​ស្ថាប័ន​តុលាការ​កំពូល​ ។​

២-​សំណុំរឿង​រដ្ឋប្បវេណី​ដែល​មាន​លោកស្រី​ អ៊ឹ​ង​ រិ​ទ្ធា​ ជាដើម​ចោទ​ ក្នុង​រឿង​ជំពាក់​ប្រាក់​ ៖

​នៅ​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១២​ លោកស្រី​ អ៊ឹ​ង​ រិ​ទ្ធា​ បាន​ប្តឹង​លោក​ឧកញ៉ា​បណ្ឌិត​ ជា​ ចំរើន​ ទៅ​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សុំ​រំលាយ​កិច្ចសន្យា​ខ្ចីប្រាក់​ ចុះ​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០១០,​ លិខិត​ប្រគល់​-​ទទួល​ប្រាក់​ ចុះ​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០១០​ និង​លិខិត​ផ្ទេរសិទ្ធិ​ ចុះ​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១០​ ចោល​ជា​អសារ​បង់​ និង​សុំ​ឲ្យ​លោក​ឧកញ៉ា​បណ្ឌិត​ ជា​ ចំរើន​ សង​ថ្លៃ​ការ​ខូចខាត​ផ្សេងៗ​ចំនួន​៤​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​រីឯ​លោក​ឧកញ៉ា​បណ្ឌិត​ ជា​ ចំរើន​ ក៏​បាន​ធ្វើ​បណ្តឹងតប​ទៅ​លើ​លោកស្រី​ អ៊ឹ​ង​ រិ​ទ្ធា​ វិញ​ ដោយ​ទាមទារ​ដូច​តទៅ​ ៖​ -​សុំ​ឲ្យ​លោកស្រី​ អ៊ឹ​ង​ រិ​ទ្ធា​ សង​ប្រាក់​ដើម​ចំនួន​១.០៩០.៥០០​ដុល្លារ​អា​មេ​រិ​ក​ និង​ការ​ប្រាក់​ចំនួន​២,៥​ភាគរយ​ក្នុង​១​ខែ​ គិត​ពី​ថ្ងៃ​ខ្ចី​ដល់​ថ្ងៃ​សង​ប្រាក់​រួចរាល់​ ។​ -​ទាមទារ​ភាគហ៊ុន​ពី​លោកស្រី​ អ៊ឹ​ង​ រិ​ទ្ធា​ សរុប​ចំនួន​១.២៧៣.៤១៩,៨១​ដុល្លារ​អា​មេ​រិ​ក​ ដែល​ជា​ប្រាក់​ចំណាយ​លើ​ការ​សាងសង់​ផ្សារ​ និង​សោហ៊ុយ​ទាំងអស់​លើ​ការ​សាងសង់​ផ្សារ​ និង​ចំណាយ​ផ្សេងៗ​ បូក​រួម​ទាំង​បង់​សងបំណុល​ធនាគារ​របស់​លោកស្រី​ អ៊ឹ​ង​ រិ​ទ្ធា​ ព្រមទាំង​ទាមទារ​ការ​ប្រាក់​ចំនួន​២,៥​ភាគរយ​ក្នុង​១​ខែ​ លើ​ទំហំ​ទឹកប្រាក់​ចំនួន​១.២៧៣.៤១៩,៨១​ដុល្លារ​អា​មេ​រិ​ក​ គិត​ចាប់ពី​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០១០​ រហូត​ដល់​ថ្ងៃ​សង​ប្រាក់​គ្រប់​ ។​ -​ទាមទារ​ផលប្រយោជន៍​បាន​មក​អំពី​ផ្សារ​ទាំង​៥​ ដែល​កើត​ចេញពី​ទ្រព្យសម្បត្តិ​ និង​ពលកម្ម​របស់​ខ្លួន​ចំនួន​១​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​ -​ទាមទារ​ការ​ខូចខាត​ និង​សេវាកម្ម​ច្បាប់​ សរុប​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ។​

​នៅ​ទីបំផុត​ នា​ថ្ងៃ​ទី​០២​ ខែមីនា​ ឆ្នាំ​២០១៥​ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បំពេញ​នីតិវិធី​ទាញហេតុផល​ដោយ​ផ្ទាល់មាត់​ និង​ប្រកាស​ចេញ​ជា​សាលក្រម​រដ្ឋប្បវេណី​លេខ​៥៣០"​ង​"​ភ​.​ព​.​រ​.​វ​ ចុះ​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០០៥​ ដោយ​សម្រេច​បង្គាប់​ឲ្យ​លោកស្រី​ អ៊ឹ​ង​ រិ​ទ្ធា​ សង​ប្រាក់​ចំនួន​២៧៣.០០០​ដុល្លារ​អា​មេ​រិ​ក​ និង​សំណង​ការ​ខូចខាត​ចំនួន​៥០.០០០​ដុល្លារ​អា​មេ​រិ​ក​ សរុប​ចំនួន​៣២៣.០០០​ដុល្លារ​អា​មេ​រិ​ក​ ឲ្យ​ទៅ​លោក​ឧកញ៉ា​បណ្ឌិត​ ជា​ ចំរើន​ រីឯ​ការ​ទាមទារ​ផ្សេងៗ​ទៀត​របស់​លោក​ឧកញ៉ា​បណ្ឌិត​ ជា​ ចំរើន​ នោះ​ត្រូវ​បាន​ច្រានចោល​ជា​ការ​បញ្ចប់​សាច់​រឿង​ ។​

​សាលក្រម​រដ្ឋប្បវេណី​លេខ​៥៣០"​ង​"​ភ​.​ព​.​រ​.​វ​ ចុះ​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០១៥​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ​ហើយ​ ដែល​លោក​ឧកញ៉ា​បណ្ឌិត​ ជា​ ចំរើន​ និង​ភរិយា​ ទទួលស្គាល់​អំពី​ភាព​អយុត្តិធម៌​ និង​ការ​ឈឺចាប់​ដល់​ខ្លួន​ ក្រោម​ស្នាដៃ​របស់​ស្ថាប័ន​តុលាការ​ ដោយ​លោក​ឧកញ៉ា​បណ្ឌិត​រូប​នេះ​ប្រកាស​ថា​ "​ខ្ញុំ​ចាញ់ក្តី​គេ​ហើយ​"​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ស្ថានភាព​សង្គម​ និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ប្រហែល​លោក​ឧកញ៉ា​បណ្ឌិត​ ជា​ ចំរើន​ ជា​ថៅកែ​សាលា​ខាប់​(CUP)​ទាំងមូល​ ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​"​លុះ​ក្ស័យ​"​ និង​មាន​លុយកាក់​ខ្ទង់លាន​ដុល្លារ​អា​មេ​រិ​ក​ឲ្យ​គេ​ខ្ចី​ទៅ​ហើយ​ នៅ​ប្រកាស​ថា​ អយុត្តិធម៌​ និង​ឈឺចាប់​ក្រោម​ស្នាដៃ​ស្ថាប័ន​តុលាការ​សម័យ​បុរស​ខ្លាំង​គ្រប់គ្រង​អំណាច​ ចុះ​ទម្រាំ​ប្រជាពលរដ្ឋ​ក្រីក្រ​ គ្មាន​លុយកាក់​ គ្មាន​អំណាច​ ឬ​ជា​អ្នកគាំទ្រ​គណបក្ស​នយោបាយ​ប្រឆាំង​នោះ​ តើ​អាច​ប្រឈម​នឹង​អំពើ​អយុត្តិធម៌​ និង​ការ​ឈឺចាប់​ដល់​កម្រិត​យ៉ាងណា​ទៅ​ ?

​លោក​ ជា​ ចំរើន​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩០៥/៣៩៨​ ចុះ​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០០៥​ និង​លោកស្រី​ ចាប​ ច័ន្ទ​ម៉ា​នី​កា​ ជា​ភរិយា​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១០/៤៨០​ ចុះ​ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០១០​ ៕​

 Chea-Chamroeun-and-WifeChea-Chamroeun-Money

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.