ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ឈឺចិត្ត​នឹង​ប្រពន្ធ​ស្លាប់​ អាង​ខ្លួន​ជា​ប៉ូលិស​ដេញ​បាញ់​ប្រជាពលរដ្ឋ​ដោយ​ចោទ​ថា​ ចេះ​អាប​ធ្មប់​

​បុរស​រង​គ្រោះជា​ជនជាតិ​ខ្មែរឥស្លាម​ម្នាក់​ឈ្មោះ​ នី​ មុខរបរ​ជា​អ្នក​កាប់​គោ​ រស់នៅ​ភូមិ​ត្រស់​ ឃុំ​បល្ល័ង្ក​ ស្រុក​បារាយណ៍​ ខេត្តកំពង់ធំ​ ត្រូវ​បាន​លោក​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​ឈ្មោះ​ ស្វាយ​ សា​វេ​ត​ ដេញ​បាញ់​ចំនួន​២​គ្រាប់​ ដោយ​ចោទប្រកាន់​ទៅ​លើ​ជន​រង​គ្រោះ​ថា​ ចេះ​អាប​ធ្មប់​ ធ្វើអំពើ​ឲ្យ​ប្រពន្ធ​របស់​ខ្លួន​ឈឺ​ស្លាប់​ កាលពី​ព្រលប់​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ខណៈ​កំពុង​រៀបចំ​បុណ្យសព​នៅឡើយ​ បណ្តាល​ឲ្យ​ជន​រង​គ្រោះភ័យ​លោះ​ព្រលឹង​ រត់​បាតជើង​ស​ព្រាត​ ប៉ុន្តែ​សំណាងល្អ​គ្រាប់កាំភ្លើង​របស់​លោក​ប៉ូលិស​ទំនើង​មិន​បាន​ត្រូវ​ចំ​ជន​រង​គ្រោះ​ទេ​ ជៀស​ផុត​ពី​ការ​មាន​សាកសព​ម្នាក់​ទៀត​ ។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ លោក​ប៉ូលិស​ ស្វាយ​ សា​វេ​ត​ បាន​ប្រើ​កាំភ្លើងខ្លី​ម៉ាក​ K54​ បាញ់​ចំនួន​២​គ្រាប់​សំដៅ​ទៅ​លើ​ជន​រង​គ្រោះ​ ដោយ​ចោទប្រកាន់​ថា​ ចេះ​អាប​ធ្មប់​ធ្វើអំពើ​ឲ្យ​ប្រពន្ធ​ខ្លួន​ស្លាប់​ ខណៈ​កំពុង​រៀបចំ​បុណ្យសព​ តែ​សំណាងល្អ​គ្រាប់កាំភ្លើង​មិន​បាន​ត្រូវ​ចំ​ជន​រង​គ្រោះ​ទេ​ គឺ​បាន​ត្រឹម​ធ្វើ​ឲ្យ​ជន​រង​គ្រោះភ័យ​លោះ​ព្រលឹង​ រត់គេច​ពី​គ្រាប់កាំភ្លើង​បាតជើង​ស​ព្រាត​ និង​លោក​ប៉ូលិស​ទំនើង​ទទួល​បានការ​រិះគន់​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ពេញ​ស្រុក​-​ភូមិ​ ។​

​តាម​សាក្សី​ដដែល​បាន​ឲ្យ​ដឹង​ដែរ​ថា​ ជន​រង​គ្រោះ​មាន​គម្រោង​ប្តឹង​លោក​អធិការរង​ ស្វាយ​ សា​វេ​ត​ ទៅ​ស្ថាប័ន​តុលាការ​ដើម្បី​ស្វែងរក​យុត្តិធម៌​ ប៉ុន្តែ​បាន​ទទួល​រង​ការ​គំរាម​មិន​ឲ្យ​មានការ​ប្តឹងផ្តល់​ ទើប​ព្រមព្រៀង​បញ្ចប់រឿង​ត្រឹម​សម្រុះសម្រួល​គ្នា​ជាមួយ​លោក​ប៉ូលិស​ទំនើង​តែ​ម្តង​ទៅ​ ។​

​ប្រភព​ព័ត៌មាន​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ​ បាន​ឲ្យ​ដឹង​ថា​ តំណាង​អយ្យការ​អម​សាលាដំបូង​កំពុងធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​ករណី​ប៉ូលិស​មាន​ឋានៈ​ដល់​ថ្នាក់​អធិការរង​ ដែល​ដេញ​បាញ់​ប្រជាពលរដ្ឋ​នោះ​ហើយ​ ទោះបី​មានការ​សម្របសម្រួល​គ្នា​ក្រៅ​ប្រព័ន្ធ​តុលាការ​ក៏​ដោយ​ ។​

​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​បារាយណ៍​ ខេត្តកំពង់ធំ​ បាន​សំណូមពរ​ចំពោះ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​លោក​ឧត្តមសេនីយ៍ត្រី​ ជូ​ សំ​អាន​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ មេត្តា​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ និង​មាន​វិធានការ​ទៅ​លើ​លោក​អធិការរង​ ស្វាយ​ សា​វេ​ត​ ដែល​ដេញ​បាញ់​ប្រជាពលរដ្ឋ​តាម​កំហឹង​ និង​តាម​អំពើ​ចិត្ត​របស់​ខ្លួន​នោះ​ផង​ ដើម្បី​ទុកជា​គំរូ​ខាង​វិន័យ​ក្នុង​ជួរ​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.