អនុលោមតាមមាត្រា១៤ កថាខណ្ឌទី២ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ និងស្មារតីព្រះរាជក្រឹត្យលេខនស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា គឺបានតម្រូវឲ្យមន្ត្រីជាន់ខ្ពស់នគរបាលជាតិដែលមានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឡើងទៅ ត្រូវតែងតាំងដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្ត្រីទូលថ្វាយព្រះមហាក្សត្រ ។ ប៉ុន្តែ ឥឡូវនេះមានរឿងបែកធ្លាយសម្តេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហៅបុរសខ្លាំង បានតាំងខ្លួនធ្វើស្តេចទទួលស្គាល់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣) ដល់មន្ត្រីនគរបាលជាតិកម្ពុជាម្នាក់ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលទៅវិញ ។
ព័ស្តុតាងបានបង្ហាញថា លោកឧកញ៉ាម្នាក់ឈ្មោះ ឌឿន សុវណ្ណ នាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ០២១៦៩ ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣) និងជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើរដ្ឋលេខាធិការ ពោលគឺមានងារ និងឋានៈជា«ឯកឧត្តម ឧកញ៉ា ឧត្តមសេនីយ៍ឯក» ។ ប៉ុន្តែក្រោយមក តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រី លោកឧកញ៉ា ឌឿន សុវណ្ណ ត្រូវបានព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈ ត្រាស់បង្គាប់បញ្ចប់មុខតំណែងពីទីប្រឹក្សាក្រសួងមហាផ្ទៃ ដកហូតឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃជាស្ថាពរ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១២/៩៣៥ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២ ។
ស្រាប់តែក្រោយមកទៀត ស្ងាត់ៗបុរសខ្លាំងក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បែរជាបានចេញអនុក្រឹត្យមួយលេខ៥១៦អនក្រ.តត ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ តែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ឯក ឌឿន សុវណ្ណ អត្តលេខ២១៦៩ ជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ តាមរបៀបទទួលស្គាល់លោក ឌឿន សុវណ្ណ មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជារួចជាស្រេចយ៉ាងហ៊ឺហាទៅវិញ ខណៈចាប់តាំងពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២ ដែលជាថ្ងៃព្រះករុណាព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងលោក ឌឿន សុវណ្ណ ពីទីប្រឹក្សាក្រសួងមហាផ្ទៃ និងដកហូតឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក ព្រមទាំងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជាជាស្ថាពរហើយ រហូតមកដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ មិនមានព្រះរាជក្រឹត្យណាមួយទទួលស្គាល់ ឬតែងតាំងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯកជូនលោក ឌឿន សុវណ្ណ អតីតក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃសាជាថ្មីនោះឡើយ ។
សរុបសេចក្តីមក បុរសខ្លាំងបាននិងកំពុងតាំងខ្លួនធ្វើជាស្តេច ផ្តល់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯកក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ដល់លោកឧកញ៉ា ឌឿន សុវណ្ណ ទាំងរំលោភបំពានច្បាប់យ៉ាងធ្ងន់ធ្ងរបំផុត ទុកជាប្រវត្តិសាស្ត្រក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២ ៕