អនុលោមតាមមាត្រា៦នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៤១០/០០៤ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១០ គឺបានតម្រូវឲ្យបង្កើតក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ មានសមាសភាពចំនួន១១រូប ដែលក្នុងនោះ១រូបត្រូវជ្រើសតាំងដោយ ឬចេញពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រាប់អាណត្តិរយៈពេល៥ឆ្នាំ ។
កន្លងមក ឥស្សរជនម្នាក់ដែលជ្រើសតាំងចេញពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឲ្យមកកាន់តំណែងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ មានឋានៈស្មើរដ្ឋមន្ត្រី ហើយដែលត្រូវដល់ពេលផុតអាណត្តិផងនោះ គឺឯកឧត្តម ជីវ កេង អតីតជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អតីតជាប្រធានសាលាដំបូងរាជធានីភ្នំពេញ និងបច្ចុប្បន្នជាអនុប្រធានតុលាការកំពូល (តែងតាំងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១០/៤៩៩ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១០) ។
ក្នុងនាមជាចៅក្រមម្នាក់ និងអតីតជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឯកឧត្តម ជីវ កេង ដែលទទួលបានការតែងតាំងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ មានឋានៈស្មើរដ្ឋមន្ត្រីរយៈពេល៥ឆ្នាំមកហើយនោះ គឺមិនបានដាក់ឲ្យផ្តាច់ពីមុខងារជាចៅក្រមទេតាំងពីអតីតជាប្រធានសាលាដំបូងរាជធានីភ្នំពេញរហូតដល់ជាអនុប្រធានតុលាការកំពូល ជាហេតុធ្វើឲ្យអំណាចឯកឧត្តម ជីវ កេង ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមផង ជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយផង និងជាចៅក្រមសម្រេចក្នុងរឿងក្តីផង…រឹងមាំចាក់គ្រឹះតែម្តង ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកតាមដានដំណើរការអភិបាលកិច្ចនៅកម្ពុជា បានលើកឡើងថា ការតែងតាំងចៅក្រមឬព្រះរាជអាជ្ញាដែលជ្រើសតាំងចេញពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឲ្យទទួលតំណែងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដោយមិនដាក់ឲ្យផ្តាច់ពីមុខងារជាចៅក្រម ឬព្រះរាជអាជ្ញានោះ មិនខុសពីតែងតាំងមនុស្សម្នាក់ដើរតួ "ជាអាជ្ញាកណ្តាលផ្លុំកញ្ចែផង និងជាកីឡាករផង"នោះឡើយ ហើយដំណើរការប្រឆាំងអំពើពុករលួយនឹងគ្មានប្រសិទ្ធភាព ។ ដូច្នេះ គប្បីដាក់ចៅក្រមដែលកាន់តំណែងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនោះ ឲ្យផ្តាច់ពីមុខងារចៅក្រម ដូចករណីសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន៧រូប ដែលត្រូវបានដាក់ឲ្យផ្តាច់ពីមុខងារជាចៅក្រម-ព្រះរាជអាជ្ញាដែរ ។
មិនទាន់បានដឹងថា ឯកឧត្តម ជីវ កេង ជាអនុប្រធានតុលាការកំពូល និងជាចៅក្រមកាត់ក្តីដ៏មានឥទ្ធិពល នឹងត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សម្រាប់អាណត្តិថ្មីបន្តទៀត ឬយ៉ាងណានៅឡើយទេ ៕