ក្រុមមន្ត្រីរាជការក្រោមឱវាទក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ដនស) ដែលចុះបំពេញការងារវាស់វែងក្បាលដីជាលក្ខណៈប្រព័ន្ធ(LMAP) ជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា បាននាំគ្នាត្អូញត្អែររអ៊ូររទាំថា ក្រសួងទម្លាក់លុយឲ្យមន្ត្រីបេសកកម្មក្នុងគម្រោងនេះ មានការរអាក់រអួលដូច"នោមទាស់" ពោលគឺរយៈពេល០៣ខែទៅ០៤ខែទើបទម្លាក់លុយឲ្យបាន០១ខែ ធ្វើឲ្យក្រុមមន្ត្រីជួបប្រទះនឹងបញ្ហាលំបាកខាងជីវភាព ដូចជា ការស្នាក់នៅ និងការហូបចុក ជាដើម ។ល។ ខណៈទិន្នន័យលទ្ធផលនៃការវាស់វែងក្បាលដី គឺក្រសួងទាមទារតម្រូវមិនឲ្យមានការយឺតយ៉ាវឡើយ ។
ប្រភពពីមន្ត្រីដែលស្និទ្ធនឹងក្រសួង ដនស បានបង្ហើបប្រាប់ឲ្យដឹងថា មន្ត្រីដែលចុះវាស់វែងក្បាលដីជាលក្ខណៈប្រព័ន្ធ(LMAP) ជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនោះ មួយក្រុមមានចំនួន១៥នាក់ ហើយថវិកាដែលត្រូវទទួលបានគឺចំនួន១៦.០០០រៀល ឬប្រមាណ៤ដុល្លារអាមេរិកក្នុងម្នាក់ៗ និងក្នុង១ក្បាលដី ។
ក្រុមមន្ត្រីចុះវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធ(LMAP)ជូនប្រជាពលរដ្ឋទាំងនោះ បានសំណូមពរចំពោះឯកឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ដនស មេត្តាត្រួតពិនិត្យនិងមានវិធានការទម្លាក់លុយឲ្យមន្ត្រីចុះវាស់វែងក្បាលដីបានរហ័សទាន់ពេលវេលាផង កុំឲ្យរអាក់រអួលដូច"នោមទាស់"តទៅទៀត ដើម្បីឲ្យក្រុមមន្ត្រីមានទឹកចិត្តបំពេញការងារតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការរបស់ក្រសួងប្រកបដោយប្រសិទ្ធភាព ៕