ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

បុរស​ខ្លាំង​ និង​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ជា​តួអង្គ​រស់​ធានា​ថា​ ខ្មែរ​មិន​បាត់បង់​ទឹកដី​

​ឥស្សរជន​នយោបាយ​ចំនួន​៣​អង្គ​-​នាក់​ គឺ​សម្តេច​ ជា​ ស៊ី​ម​ អតីត​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នីតិកាល​ទី​១​ សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ អតីត​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នីតិកាល​ទី​៣​ និង​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​តួអង្គ​សំខាន់​ដែល​ធានា​អះអាង​ថា​ សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ (​សម្តេច​ ហ៊ុន​ សែន​ ចុះហត្ថលេខា​ជាមួយ​ឯកឧត្តម​ ផា​ន​ វ៉ា​ន់ខា​យ​ នាយក​រដ្ឋមន្ត្រី​វៀតណាម​ នា​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០០៥​ នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​)​ មិន​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​ ខណៈ​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​នេះ​ បាន​ទទួល​រង​នូវ​ការ​រិះគន់​ផង​ និង​ការ​ព្រួយបារម្ភ​ផង​ពី​មជ្ឈដ្ឋាន​ជា​ច្រើន​ ។​

​ដោយ​មានការ​ធានា​អះអាង​ពី​តួអង្គ​សំខាន់​ទាំង​៣​ខាងលើ​ថា​ ត្រឹមត្រូវ​ និង​មិន​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទើប​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​ឡាយព្រះហស្តលេខា​នៅ​លើ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/១១០៥/០៣៩​ ចុះ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥​ ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ យ៉ាង​តក់ក្រហល់​តែ​ម្តង​ទៅ​ ។​

​ឥឡូវ​ តួអង្គ​ម្នាក់​ក្នុង​ចំណោម​តួអង្គ​ទាំង​៣​ គឺ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជា​ ស៊ី​ម​ (​អតីត​សម្តេច​ ជា​ ស៊ី​ម​)​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អតីត​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ទទួលមរណភាព​ទៅ​ហើយ​ ជា​ហេតុ​ធ្វើ​ឲ្យ​នៅ​សល់​តួអង្គ​រស់​តែ​ពីរ​គត់​ រួម​មាន​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​(​អតីត​សម្តេច​ ហ៊ុន​ សែន​)​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ឲ​(​អតីត​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​)​ ដែល​ធានា​ថា​ "​ខ្មែរ​មិន​បាត់បង់​ទឹកដី​"​ ។​

​បច្ចុប្បន្ន​ បញ្ហា​បូរណភាព​ទឹកដី​រវាង​កម្ពុជា​និង​វៀតណាម​បាន​និង​កំពុង​ក្លាយជា​ប្រធានបទ​ក្តៅ​យក​មក​វែកញែក​ និង​មាន​ភាព​ប្រទាំង​ប្រទើស​សា​ជា​ថ្មី​ ដោយសារ​ភាគី​យួន​បាន​ធ្វើ​សកម្មភាព​រំលោភ​បំពាន​ប៉ះពាល់​មក​លើ​ទឹកដី​ប្រទេស​កម្ពុជា​យ៉ាង​គឃ្លើន​នៅ​តាម​តំបន់​មួយ​ចំនួន​ ។​

​នេះ​គឺជា​ប្រវត្តិសាស្ត្រ​ត្រូវ​តែ​ចង​ចាំ​ទុក​នា​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ៕​

Cambodia-Vietnam-2005-2 Cambodia-Vietnam-2005-3 Cambodia-Vietnam-2005 Cambodia-Vietnam-2005-1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.