សារព័ត៌មាន Reuters បានចុះផ្សាយឲ្យដឹងថា ទោះបីរុស្ស៊ីកំពុងឋិតក្រោមការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចក៏ដោយ ក៏ក្រុមហ៊ុន Boeing Capital Corp របស់សហរដ្ឋអាមេរិក បានព្រមព្រៀងលក់យន្តហោះដឹកជញ្ជូនប្រភេទ Boeing 747-8 ឲ្យក្រុមហ៊ុន Volga-Dnepr របស់រុស្ស៊ី ក្នុងតម្លៃទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក នាពាក់កណ្តាលឆ្នាំ២០១៥នេះ ។
ក្នុងឱកាសតាំងពិព័រណ៍អាកាសចរណ៍ Paris Air Show ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥ ក្រុមហ៊ុន Boeing Capital Corp របស់សហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ លក់យន្តហោះដឹកជញ្ជូនប្រភេទ Boeing 747-8 ចំនួន២០គ្រឿង មានតម្លៃសរុបរហូតដល់ទៅ៧,៤លានដុល្លារអាមេរិក ឲ្យទៅក្រុមហ៊ុន Volga-Dnepr របស់រុស្ស៊ី ដែលជាទំហំពាណិជ្ជកម្មយ៉ាងច្រើនមិនធ្លាប់មានពីមុនមក ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើទីក្រុងម៉ូស្គូរឿងវិបត្តិនៅអ៊ុយក្រែន ៕