ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

កូនប្រុស​សេដ្ឋី​គយ​ កែវ​ សុខ​ឃាង​ ដែល​ទំនើង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ និង​ប្រព្រឹត្ត​ហិង្សា​ ត្រូវ​បាន​ដោះ​លែង​

​យុវជន​ឈ្មោះ​ កែវ​ វិទូ​ អាយុ​២៤​ឆ្នាំ​ ដែល​ជា​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ពី​បរទេស​ និង​ត្រូវជា​កូនប្រុស​សំណព្វចិត្ត​របស់​លោក​សេដ្ឋី​គយ​ដ៏​ល្បីឈ្មោះ​ កែវ​ សុខ​ឃាង​ ដែល​បង្ក​ការ​បាញ់បោះ​សេរី​ច្រើន​គ្រាប់​ នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់​(Rock)​របស់​លោក​ឧកញ៉ា​ គិត​ ម៉េ​ង​ និង​លោក​ឧកញ៉ា​ គិត​ ធៀង​ រួច​ហើយ​ជិះ​រថយន្ត​ទំនើប​ម៉ាក​ Lexus​ 570​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AA-0007​ គេចខ្លួន​ពី​កន្លែង​កើតហេតុ​ នា​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​ និង​ខូចខាត​ទ្រព្យសម្បត្តិ​ក្លឹ​ប​កម្សាន្ត​រ៉ក់​អស់​មួយ​ចំនួន​ ហើយ​ដែល​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ PJ​ នា​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៥​នោះ​ ឥឡូវ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​ កាលពី​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៥​ម្សិលមិញ​ បន្ទាប់​ពី​អនុវត្តន៍​ទោស​បាន​ត្រឹម​ចំនួន​០៣​ខែ​ប៉ុណ្ណោះ​ ។​

​ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ ការណ៍​ដែល​ពិរុទ្ធជន​ឈ្មោះ​ កែវ​ វិទូ​ អនុវត្តន៍​ទោសទណ្ឌ​ត្រឹម​ចំនួន​០៣​ខែ​ ហើយ​ត្រូវ​បាន​ដោះ​លែង​វិញ​នោះ​ គឺ​ដោយសារ​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទាទោស​ទៅ​លើ​ជនជាប់ចោទ​ឈ្មោះ​ កែវ​ វិទូ​ ដាក់​ពន្ធនាគារ​កំណត់​០៨​ខែ​ ក្នុង​នោះ​តម្រូវ​ឲ្យ​អនុវត្តន៍​ទោស​ចំនួន​០៣​ខែ​ និង​ព្យួរទោស​ចំនួន​០៥​ខែ​ ខណៈ​ឈ្មោះ​ កែវ​ វិទូ​ ជាប់ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ និង​ពី​បទ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ។​

​ចាប់តាំងពី​ដំណាក់កាល​ដំបូង​មក​ម្ល៉េះ​ ប្រភព​ព័ត៌មាន​នានា​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​សេដ្ឋី​គយ​ កែវ​ សុខ​ឃាង​ បាន​ព្រមព្រៀង​ចំណាយ​ប្រាក់​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ប៉ះប៉ូវ​លើ​ការ​ខូចខាត​ក្នុង​ហេតុការណ៍​បាញ់បោះ​សេរី​ បង្ក​ដោយ​កូនប្រុស​របស់​ខ្លួន​ឈ្មោះ​ កែវ​ វិទូ​ នោះ​ ជា​ថ្នូរ​នឹង​ការ​ស្នើ​សុំ​ឲ្យ​ម្ចាស់​ក្លឹ​ប​កម្សាន្ត​រ៉ក់​ និង​អ្នក​ពាក់ព័ន្ធ​ឯទៀត​កុំ​ឲ្យ​ប្តឹងផ្តល់​ ឬ​ដក​ពាក្យបណ្តឹង​(​ក្នុង​ករណី​បាន​ប្តឹង​រួច​ហើយ​)​ ប្រឆាំង​លើ​កូនប្រុស​របស់​ខ្លួន​ ។​ ក្នុង​ហេតុផល​នេះ​ហើយ​ ទើប​មជ្ឈដ្ឋាន​នានា​បាន​ទស្សន៍​ទាយ​ទុកជា​មុន​រួច​ហើយ​ថា​ ទោះ​យ៉ាងណា​ កូនប្រុស​សំណព្វចិត្ត​របស់​លោក​សេដ្ឋី​គយ​ កែវ​ សុខ​ឃាង​ នឹង​មិន​ជាប់​ទោសទណ្ឌ​បាន​យូរ​ឡើយ​ ។​ ឥឡូវ​ អ្វីៗ​បាន​ក្លាយជា​ការ​ពិត​ដូច​ការ​ទស្សន៍​ទាយ​ ៕​

Keo-Vito

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.