ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

Range​ Rover​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ ដឹក​ស្រី​ស្រវឹង​ទាំង​រាត្រី​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​

​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ព្រលឹម​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០១៥ម្សិលមិញ​នេះ​ ឋិត​នៅ​ចំណុច​វិ​ថី​ព្រះ​សីហ​នុ​ កែង​ផ្លូវ​លេខ​៦៣​ សង្កាត់​បឹង​កេងកង​៣​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ បង្ក​ដោយ​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​ Range​ Rover​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 01.2-0035​ បើកបរ​ដោយ​បុរស​ម្នាក់​ទាំង​អាកា​រៈ​ស្រវឹង​ រួម​ដំណើរ​ជាមួយ​ស្រី​ស្រស់​ស្លៀកពាក់​ខ្លី​៣​នាក់​ទៀត​ រេ​ចង្កូត​ជ្រុល​ទៅ​បុក​របង​ក្រុមហ៊ុន​ឆ្នោត​ CM60​ Lottery​ បណ្តាល​ឲ្យ​រថយន្ត​បង្ក​ និង​របង​ទ្វារ​ក្រុមហ៊ុន​ឆ្នោត​នោះ​ខូចខាត​យ៉ាងដំណំ​ ព្រមទាំង​សន្តិសុខ​យាមកាម​ក្រុមហ៊ុន​បាន​ទទួល​រង​របួស​បន្តិចបន្តួច​ ពីព្រោះ​បាន​រត់គេច​ពី​កន្លែង​កើតហេតុ​ទាន់​ពេលវេលា​ ។​

​អនុលោម​តាម​ប្រការ​៤​នៃ​ប្រកាស​លេខ​០៦៤/២០០៩​ ប្រក​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០០៩​ របស់​ក្រសួងការពារជាតិ​ ស្តី​ពី​ការ​ចេញ​ប័ណ្ណ​ ស្លាក​លេខ​ចរាចរណ៍​ និង​សញ្ញា​សម្គាល់​ស្ថាប័ន​កងឯកភាព​ក្នុង​កង​យោធពលខេមរភូមិន្ទ​ គឺ​រថយន្ត​ទំនើប​ដឹក​ស្រី​ស្រស់​ស្រវឹង​ទាំង​រាត្រី​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ ជា​រថយន្ត​ប្រើប្រាស់​ដោយ​ស្ថាប័ន​ក្រសួងការពារជាតិ​តែ​ម្តង​ ។​

​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ពាក់ព័ន្ធ​នឹង​រថយន្ត​ទំនើប​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ គឺ​ម្ចាស់​រថយន្ត​នោះ​បាន​រំលោភ​បំពាន​ទៅ​លើ​មាត្រា​៥​ និង​មាត្រា​១១​នៃ​អនុក្រឹត្យ​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ របស់​រាជរដ្ឋាភិបាល​ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ និង​ប្រការ​៨​នៃ​ប្រកាស​លេខ​០៦៤/២០០៩​ ប្រក​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០០៩​ របស់​ក្រសួងការពារជាតិ​ ស្តី​ពី​ការ​ចេញ​ប័ណ្ណ​ ស្លាក​លេខ​ចរាចរណ៍​ និង​សញ្ញា​សម្គាល់​ស្ថាប័ន​កងឯកភាព​ក្នុង​កង​យោធពលខេមរភូមិន្ទ​ យ៉ាងធ្ងន់ធ្ងរ​ ហើយ​ក៏​ដូច​ជា​បាន​បំបាក់មុខ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​យ៉ាង​ចាស់ដៃ​ផង​ដែរ​ ដ្បិត​រថយន្ត​បង្ក​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​នោះ​មិន​ត្រូវ​បាន​ប្រើប្រាស់​ជា​មធ្យោបាយ​សម្រាប់​ដឹក​ជញ្ជូន​សម្ភារៈ​ទ័ព​ ឬ​ដឹក​ជញ្ជូន​កងទ័ព​ បែរជា​យក​មក​ដឹក​ស្រី​ស្រស់​ទៅ​ផឹកស៊ី​សប្បាយ​ទាំង​រាត្រី​កណ្តាល​រាជធានី​ភ្នំពេញ​ និង​មិន​បាន​លាប​ពណ៌​ត្រេ​អ៊ី​ ឬ​ប៉ា​រ៉ា​អ្វី​ឡើយ​ ៕​

Range-Rover

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.