ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

មេធាវី​ម្នាក់​មាន​ងារ​ជា​”​ឯកឧត្តម​”​ដែល​ល្បី​លេចធ្លោ​ខាង​រំលោភ​បំពាន​ច្បាប់​មេធាវី​ធ្ងន់ធ្ងរ​

​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​៥៥៦​ម្នាក់​ គឺ​លោក​មេធាវី​ អ៊ុំ​ ប៊ុ​ន​ធឿ​ន​ ដែល​ជា​មេធាវី​កំពុង​ប្រកប​វិជ្ជាជីវៈ​ពេញ​សិទ្ធិ​ផង​ និង​កំពុង​ឋិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ក្រសួងយុត្តិធម៌​ផង​ (​ជា​ក្របខ័ណ្ឌ​មន្ត្រីរាជការ​មុខងារសាធារណៈ​)​ ខណៈ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រង់​មាត្រា​៥៣​បាន​ចែង​ថា​ "​វិជ្ជាជីវៈ​មេធាវី​មាន​វិសមិតភាព​ជាមួយនឹង​មុខងារសាធារណៈ​ និង​ការ​ប្រកប​មុខរបរ​ពាណិជ្ជកម្ម​ ទោះ​ការ​ប្រកប​នោះ​ដោយ​ប្រយោល​ក្តី​ ឬ​ដោយ​ផ្ទាល់​ក្តី​"​ បាន​ក្លាយជា​តួអង្គ​មេធាវី​ម្នាក់​ដ៏​សំខាន់​ខាង​ប្រព្រឹត្ត​រំលោភ​បំពាន​ច្បាប់​មេធាវី​យ៉ាងធ្ងន់ធ្ងរ​ ។​

​លោក​ អ៊ុំ​ ប៊ុ​ន​ធឿ​ន​ អាយុ​៥៨​ឆ្នាំ​ ដែល​ឋិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ក្រសួងយុត្តិធម៌​ និង​ធ្លាប់​ទទួល​បានការ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​នោះ​ បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​៥៥៦​ នា​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០០៧​ ។​

​លោក​មេធាវី​ អ៊ុំ​ ប៊ុ​ន​ធឿ​ន​ ធ្លាប់​ទទួល​បានការ​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៩/១៥១​ ចុះ​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០០៩​ ពោល​គឺ​ទទួល​បាន​ឋានៈ​ជា​"​ឯកឧត្តម​"​ ។​

​ឋិត​នៅ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ក្រសួងយុត្តិធម៌​ឯណោះ​វិញ​ ឯកឧត្តម​ អ៊ុំ​ ប៊ុ​ន​ធឿ​ន​ ដែល​ជា​មេធាវី​កំពុង​ប្រកប​វិជ្ជាជីវៈ​ពេញ​សិទ្ធិ​ផង​នោះ​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ពី​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៤​ ទៅ​ជា​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ ក្រោម​ករណី​ពិសេស​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៤/១២៦៨​ ចុះ​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៤​ ។​

​កាលពី​ថ្ងៃ​ទី​០៦​ ខែមីនា​ ឆ្នាំ​២០០៩​កន្លង​ទៅ​ ឯកឧត្តម​មេធាវី​ អ៊ុំ​ ប៊ុ​ន​ធឿ​ន​ ធ្លាប់​ត្រូវ​បាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​លោក​ ជា​ មុនី​ ជា​ប្រធាន​ ដាក់​ពាក្យ​ប្តឹង​ទៅ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ "​ជំនាន់​លោក​មេធាវី​ ជីវ​ សុង​ហាក់​ ធ្វើ​ជា​ប្រធាន​គណៈមេធាវី​"​ ដោយ​ចោទប្រកាន់​ថា​ លោក​មេធាវី​ អ៊ុំ​ ប៊ុ​ន​ធឿ​ន​ ធ្លាប់​បាន​ធ្វើ​ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​ឲ្យ​លោក​ Kong​ Yee​ Cheng​ ជា​ភាគី​ថៅកែ​ក្រុមហ៊ុន​ Vivatino​ Design​ (Cambodia)​ Pte.,​ Ltd.​ នា​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០០៩​រួច​ហើយ​ បែរមក​ធ្វើ​ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​ឲ្យ​ខាង​ភាគី​កម្មករ​ និយោជិត​ នៅ​ក្រុមហ៊ុន​ដដែល​នេះ​នា​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០០៩​ទៅ​វិញ​ ដែល​ផ្ទុយ​ទៅ​នឹង​មាត្រា​២០​នៃ​ក្រមសីលធម៌​មេធាវី​ ។​

​អនុលោម​តាម​បញ្ញត្តិ​មាត្រា​៥៣​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​កំណត់​ឲ្យ​មនុស្ស​ម្នាក់​មិន​អាច​ប្រកប​វិជ្ជាជីវៈ​មេធាវី​ផង​ និង​បំពេញ​មុខងារ​ជា​មន្ត្រីរាជការ​សាធារណៈ​ផង​នោះ​ គឺ​ឯកឧត្តម​ អ៊ុំ​ ប៊ុ​ន​ធឿ​ន​ ជាប់​ឈ្មោះ​ជា​មេធាវី​ម្នាក់​ដែល​រំលោភ​បំពាន​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​យ៉ាងធ្ងន់ធ្ងរ​បំផុត​ ។​

​សូម​ឯកឧត្តម​ ប៊ុ​ន​ ហុ​ន​ សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មេត្តា​មាន​វិធានការ​ក្នុង​រឿង​រំលោភ​បំពាន​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​ បង្ក​ឡើង​ដោយ​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមួយ​ចំនួន​នោះ​ផង​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.