ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

សេដ្ឋី​រុ​ស្ស៊ី​មានរឿង​អាស្រូវ​នៅ​តុលាការ​ដែល​មានកូន​ប្រុស​ធ្វើ​ជា​ប៉ូលិស​ខ្មែរ​ ត្រូវ​បាន​ដោះ​លែង​ចេញពី​ពន្ធនាគារ​ហើយ​

​យោង​តាម​សាលដីកា​ព្រហ្មទណ្ឌ​លេខ​១៨២​ ចុះ​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ របស់​តុលាការ​កំពូល​ ដែល​បាន​សម្រេច​តម្កល់​សាលដីកា​ព្រហ្មទណ្ឌ​លេខ​២១"​ក្រ​VI​ឃ​"​ ចុះ​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៥​ របស់​សាលាឧទ្ធរណ៍​ទាំងមូល​ ដែល​បង្គាប់​ឲ្យ​ដោះ​លែង​សេដ្ឋី​ជនជាតិ​រុ​ស្ស៊ី​ម្នាក់​ឈ្មោះ​ Doroshenko​ Nikolay​ អាយុ​៥៥​ឆ្នាំ​ ឲ្យ​នៅ​ក្រៅ​ឃុំ​ ក្នុង​បទល្មើស​ជាប់ចោទ​ពី​បទ​ក្លែងបន្លំ​ហត្ថលេខា​ ប្រើប្រាស់​ឯកសារ​ក្លែង​ និង​រំលោភ​លើ​ទំនុកចិត្ត​ពិសេស​ដោយ​អភិបាល​ ឬ​បុគ្គល​ផ្សេង​ទៀត​ ប្រព្រឹត្ត​នៅ​ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​កាលពី​ឆ្នាំ​២០០៥​ និង​ឆ្នាំ​២០១០​ ក្រោម​ទម្ងន់​នៃ​បណ្តឹង​របស់​សេដ្ឋី​ជនជាតិ​រុ​ស្ស៊ី​ម្នាក់​ទៀត​ឈ្មោះ​ Sergey​ Yuriovich​ Polonsky​ អាយុ​៤២​ឆ្នាំ​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ដោះ​លែង​ចេញពី​ពន្ធនាគារ​ខេត្ត​ព្រះ​សីហ​នុ​ នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០១៥​នេះ​ ។​

​សូម​រំលឹក​ជូន​ដែរ​ថា​ លោក​ Doroshenko​ Nikolay​ ដែល​ជា​សេដ្ឋី​ជនជាតិ​រុ​ស្ស៊ី​ មក​បើក​មុខរបរ​រកស៊ី​នៅ​ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ បាន​ទទួល​រង​នូវ​ការ​ប្តឹងផ្តល់​ពី​សំណាក់​សេដ្ឋី​ជនជាតិ​រុ​ស្ស៊ី​ម្នាក់​ទៀត​ឈ្មោះ​ Sergey​ Yuriovich​ Polonsky​ ដែល​មក​បើក​មុខរបរ​រកស៊ី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដូច​គ្នា​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​កន្លែង​បន្លំ​ហត្ថលេខា​ ប្រើប្រាស់​ឯកសារ​ក្លែង​ និង​រំលោភ​លើ​ទំនុកចិត្ត​ពិសេស​ដោយ​អភិបាល​ ឬ​បុគ្គល​ផ្សេង​ទៀត​ ប្រព្រឹត្ត​នៅ​សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ កាលពី​ឆ្នាំ​២០០៥​ និង​ឆ្នាំ​២០១០​ ហើយ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុស​ម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ​ Doroshenko​ Nikolay​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ កាលពី​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ។​ ប៉ុន្តែ​តាម​រយៈ​បណ្តឹងឧទ្ធរណ៍​ប្រឆាំង​ដីកា​សម្រេច​មិន​អនុញ្ញាត​ឲ្យ​ជន​ត្រូវ​ចោទ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ ដោយ​ជន​ត្រូវ​ចោទ​ឈ្មោះ​ Doroshenko​ Nikolay​ នោះ​ ត្រូវ​បាន​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ជំនុំជម្រះ​ចេញ​សាលដីកា​ព្រហ្មទណ្ឌ​លេខ​២១"​ក្រ​VI​ឃ​"​ ចុះ​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៥​ សម្រេច​បដិសេធ​ដីកា​សម្រេច​មិន​អនុញ្ញាត​ឲ្យ​ជន​ត្រូវ​ចោទ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​លេខ​៤២២​ត​.​ព​.​ដ​/១៥​ ចុះ​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៥​ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ ចោល​ជា​អសារ​បង់​ និង​បង្គាប់​ឲ្យ​ដោះ​លែង​ជន​ត្រូវ​ចោទ​ឈ្មោះ​ Doroshenko​ Nikolay​ ចេញពី​ពន្ធនាគារ​ បើ​ឈ្មោះ​នេះ​មិន​ត្រូវ​បាន​ឃុំខ្លួន​ពី​បទល្មើស​អ្វី​ផ្សេង​ទៀត​ទេ​ ។​ បន្ទាប់​មក​ទៀត​ ភាគី​ដើមបណ្តឹង​រដ្ឋប្បវេណី​ គឺ​សេដ្ឋី​ជនជាតិ​រុ​ស្ស៊ី​ឈ្មោះ​ Sergey​ Yuriovich​ Polonsky​ បាន​ប្តឹង​សាទុក្ខ​បន្ត​ទៅ​តុលាការ​កំពូល​ តែ​ត្រូវ​តុលាការ​កំពូល​ជំនុំជម្រះ​ចេញ​ជា​សាលដីកា​ព្រហ្មទណ្ឌ​លេខ​១៨២​ ចុះ​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ សម្រេច​តម្កល់​សាលដីកា​ព្រហ្មទណ្ឌ​លេខ​២១"​ក្រ​VI​ឃ​"​ ចុះ​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៥​ របស់​សាលា​ឧ​ទ្ធ​ណ៍​ទាំងមូល​ ។​ មាន​ន័យ​ថា​ តុលាការ​កំពូល​បាន​សម្រេច​ឲ្យ​មានការ​ដោះ​លែង​សេដ្ឋី​ជនជាតិ​រុ​ស្ស៊ី​ឈ្មោះ​ Doroshenko​ Nikolay​ ចេញពី​ពន្ធនាគារ​ជា​ផ្លូវការ​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ សេដ្ឋី​ជនជាតិ​រុ​ស្ស៊ី​ឈ្មោះ​ Doroshenko​ Nikolay​ ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​រូប​នេះ​ឲ្យ​ឋិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ ជា​អាទិ៍​ ៖​ មិន​ត្រូវ​ផ្លាស់​ប្តូរ​ទីលំនៅ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ​ ។​ ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​ និង​មិន​ត្រូវ​ចាក​ចេញពី​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បើ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ​ ។​

​គួរ​បញ្ជាក់​ជូន​ថែម​ទៀត​ដែរ​ថា​ លោក​ Doroshenko​ Nikolay​ សេដ្ឋី​រុ​ស្ស៊ី​ដែល​មានរឿង​អាស្រូវ​នៅ​ស្ថាប័ន​តុលាការ​កម្ពុជា​ ជាមួយ​ដៃគូ​របស់​ខ្លួន​ គឺ​លោក​ Sergey​ Yuriovich​ Polonsky​ នោះ​ មានកូន​ប្រុស​ម្នាក់​ឈ្មោះ​ Doroshenko​ Ostap​ (​ដូ​រ៉ូ​ស៊ី​ន​កូ​ អូ​ស្តាប់​)​ បាន​ក្លាយជា​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​ មាន​អត្តលេខ​៧០៨៤០​ ឋានន្តរស័ក្តិ​ថ្នាក់​អនុសេនីយ៍ឯក​ និង​ធ្លាប់​ត្រូវ​បាន​តែងតាំង​ជា​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ហើយ​កាលពី​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ក៏​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឲ្យ​មក​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​បុគ្គលិក​វិញ​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​សំណុំរឿង​ទំនាស់​ទាស់ទែង​គ្នា​រវាង​សេដ្ឋី​ជនជាតិ​រុ​ស្ស៊ី​ទាំង​ពីរ​ភាគី​ គឺ​លោក​ Doroshenko​ Nikolay​ និង​លោក​ Sergey​ Yuriovich​ Polonsky​ តាំងពី​ដើម​រៀង​មក​ បាន​លើក​ឡើង​ដែរ​ថា​ សេដ្ឋី​ជនជាតិ​រុ​ស្ស៊ី​ Doroshenko​ Nikolay​ ទទួល​បានការ​ថមថយ​សម្ពាធ​ពី​ទម្ងន់​នៃ​បណ្តឹង​របស់​សេដ្ឋី​ជនជាតិ​រុ​ស្ស៊ី​ Sergey​ Yuriovich​ Polonsky​ និង​ទទួល​បានការ​សម្រេច​ដោះ​លែង​ឲ្យ​ចេញពី​ពន្ធនាគារ​ពី​សំណាក់​ស្ថាប័ន​តុលាការ​កម្ពុជា​នោះ​ គឺ​បន្ទាប់​ពី​សេដ្ឋី​រុ​ស្ស៊ី​ Sergey​ Yuriovich​ Polonsky​ និង​បក្ខពួក​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់​បញ្ជូន​ខ្លួន​ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី​វិញ​ កាលពីដើម​ខែឧសភា​កន្លង​ទៅ​ថ្មីៗ​នេះ​ ព្រោះតែ​បាន​ប្រព្រឹត្ត​រឿងអាស្រូវ​ក្នុង​បទល្មើស​ជា​ច្រើន​នៅ​ប្រទេស​រុ​ស្ស៊ី​ ៕​

Nicolay

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.