ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ឧកញ៉ា​ម្នាក់​ និង​បក្ខពួក​ត្រូវ​ពលរដ្ឋ​ប្តឹង​ទៅ​តុលាការ​ រឿង​ឈូស​ឆាយដី​ព្រៃ​និង​កាប់​បំផ្លាញ​ព្រៃឈើ​ជាង​៥.០០០​ហិ​កតា​

​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​តំបែរ​ ស្រុក​ពញាក្រែក​ និង​ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ ដែល​ធ្លាប់​ដាក់​ពាក្យបណ្តឹង​ទៅ​ស្ថាប័ន​តុលាការ​ ដោយ​ប្តឹង​លោក​ឧកញ៉ា​ម្នាក់​ និង​បក្ខពួក​ ក្នុង​រឿង​ឈូស​ឆាយដី​ព្រៃ​ និង​កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​ជាង​៥.០០០​ហិ​កតា​ យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នោះ​ បាន​សម្តែង​នូវ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ ដ្បិត​ស្ថាប័ន​តុលាការ​មិន​ទាន់​មាន​ចំណាត់ការ​នៅឡើយ​ ទើប​កាលពី​រសៀល​ថ្ងៃ​ទី​០៥​ ខែឧសភា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ក្រុម​ប្រជាពលរដ្ឋ​ជា​ម្ចាស់​បណ្តឹង​បាន​នាំ​គ្នា​មក​សុំ​ការ​ជួយ​អន្តរាគមន៍​ពី​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​បន្ថែម​ទៀត​ដល់​រាជធានី​ភ្នំពេញ​តែ​ម្តង​ ។​

​ជនសង្ស័យ​ដែល​ក្រុម​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​ប្តឹង​ចោទប្រកាន់​ទៅ​ស្ថាប័ន​តុលាការ​ ពី​បទ​កាប់​រាន​ ឈូស​ឆាយដី​ព្រៃ​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ ទំហំ​ជាង​៥.០០០​ហិ​កតា​នោះ​ គឺ​លោក​ឧកញ៉ា​ ឆាយ​ ជ្រាយ​ និង​បក្ខពួក​ជា​មន្ត្រីរាជការ​មួយ​ចំនួន​ទៀត​ផង​ ។​

​យោង​តាម​ពាក្យបណ្តឹង​របស់​ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​ ចាប់តាំងពី​អំឡុង​ឆ្នាំ​២០០៨​មក​ទល់​បច្ចុប្បន្ន​ តំបន់​ព្រៃ​សហគមន៍​ឋិត​ក្នុងស្រុក​តំបែរ​ ខេត្ត​ត្បូងឃ្មុំ​ ទំហំ​៥.៥១៧,២៤​ហិ​កតា​ ត្រូវ​ទទួល​រង​ការ​ឈូស​ឆាយ​ រុករាន​ កាប់​ទន្ទ្រាន​បំផ្លិចបំផ្លាញ​ទាំងស្រុង​ យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ ដោយ​លោក​ឧកញ៉ា​ ឆាយ​ ជ្រាយ​ និង​បក្ខពួក​ដែល​ជា​មន្ត្រី​ប៉ូលិស​ និង​ទាហាន​ ។​

​លោក​ ឆាយ​ ជ្រាយ​ ដែល​ជា​ឈ្មួញ​រកស៊ី​ឈើ​ល្បីឈ្មោះ​គួរសម​បន្ទាប់​ពី​លោក​ឧកញ៉ា​ ទ្រី​ ភាព​ នោះ​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១៤/១៨៣​ ចុះ​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​បណ្តឹង​ និង​អ្នក​តាមដាន​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា​ កំពុង​រង់ចាំ​ចង់​ដឹង​អំពី​ចំណាត់ការ​របស់​ស្ថាប័ន​តុលាការ​ តើ​តំណាង​អយ្យការ​នៃ​ស្ថាប័ន​តុលាការខេត្ត​កំពង់ចាម​ក្តី​ ឬ​ខេត្ត​ត្បូងឃ្មុំ​ក្តី​ ហ៊ាន​ចាត់ការ​បើក​ការ​ស៊ើបសួរ​ចោទប្រកាន់​ទៅ​លើ​លោក​ឧកញ៉ា​ ឆាយ​ ជ្រាយ​ និង​បក្ខពួក​ក្នុង​រឿង​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​ការ​កាប់​រាន​ ឈូស​ឆាយដី​ព្រៃ​ និង​បទល្មើស​ព្រៃឈើ​ដែល​ជា​បទល្មើស​ឧក្រិដ្ឋ​ដែរ​ឬទេ​ ?​ ៕​

Chhay-Chreay Chhay-Chreay-Letter

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.