គេហទំព័រអាមេរិកនិយាយអំពីយុទ្ធសាស្ត្រយោធា បានចុះផ្សាយឲ្យដឹងថា ប្រទេសវៀតណាមបានបញ្ជាទិញកាំជ្រួចមីស៊ីលប្រភេទ Klub ចំនួន៥០ដើម ដើម្បីបំពាក់លើនាវាមុជទឹករបស់ខ្លួនពីប្រទេសរុស្ស៊ី ដែលការព្រមព្រៀងលក់កាំជ្រួចមីស៊ីលប្រភេទនេះពីសំណាក់រុស្ស៊ីឲ្យទៅប្រទេសវៀតណាម ធ្វើឲ្យចិនមានការខឹងសម្បាយ៉ាងខ្លាំង ។
បច្ចុប្បន្ន វៀតណាមបានទទួលកាំជ្រួចមីស៊ីលបំពាក់លើនាវាមុជទឹកដែលជាប្រភេទមីស៊ីលអាចវាយប្រហារទាំងនៅលើគោកបាននេះពីរុស្ស៊ីចំនួន២៨ដើមរួចហើយ ។
គេហទំព័រអាមេរិកនោះ បានចុះផ្សាយឲ្យដឹងដែរថា កាំជ្រួចមីស៊ីលប្រភេទ Klub ផលិតនៅរុស្ស៊ីនេះ មានទម្ងន់២.០០០គីឡូក្រាម ផ្ទុកក្បាលគ្រាប់ទម្ងន់២០០គីឡូក្រាម អាចបាញ់ចេញពីនាវាមុជទឹក និងវាអាចបង្កើនល្បឿនក្នុងរយៈពេល១៥នាទីចុងក្រោយមុនទៅដល់គោលដៅ ធ្វើឲ្យសត្រូវពិបាកក្នុងការទប់ទល់ទាន់ពេលវេលា ។ នាវាមុជទឹករបស់ប្រទេសវៀតណាម និងប្រទេសឥណ្ឌា បានប្រើប្រាស់កាំជ្រួចមីស៊ីលប្រភេទនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
គួរបញ្ជាក់ជូនដែរថា កម្លាំងទាហានជើងទឹកវៀតណាមទើបតែទទួលបាននាវាមុជទឹកចំនួន២គ្រឿងពីរុស្ស៊ី ដើម្បីបង្កើនការយាមល្បាតតាមដែនសមុទ្រ ក្នុងពេលដែលមានស្ថានភាពតានតឹងជុំវិញដែនអធិបតេយ្យភាពជាមួយប្រទេសចិន និងក៏ឋិតនៅក្នុងគម្រោងទំនើបកម្មវិស័យយោធារបស់វៀតណាមផងដែរ ដែលបានចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ីចាប់ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៦ខាងមុខ មានគម្រោងទឹកប្រាក់២.៦០០លានដុល្លារអាមេរិក ៕