ចាប់តាំងពីបង្កើតឲ្យមានព្រះរាជាណាចក្រកម្ពុជាទី២មកទល់បច្ចុប្បន្ន មានចៅក្រមចំនួន៥នាក់ហើយដែលធ្លាប់ទទួលបានការតែងតាំងជាប្រធានតុលាការក្រុងភ្នំពេញ(សាលាដំបូងរាជធានីភ្នំពេញ) គឺ ៖ ១-លោកចៅក្រម អ៊ុំ សារិទ្ធ(បច្ចុប្បន្នជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម) ២-លោកចៅក្រម សោ សុភរី(បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្ត្រី) ៣-លោកចៅក្រម ជីវ កេង(បច្ចុប្បន្នជាអនុប្រធានតុលាការកំពូល) ៤-លោកចៅក្រម អាំង មាលតី(បច្ចុប្បន្នដកបញ្ឈរជើងឲ្យមកបម្រើការងារនៅក្រសួងយុត្តិធម៌) និង៥-លោកចៅក្រម តាំង ស៊ុនឡាយ(ទើបចូលកាន់តំណែងថ្មីទល់បច្ចុប្បន្នបានជិត០៤ខែប៉ុណ្ណោះ) ។ ប៉ុន្តែក្នុងចំណោមអស់លោកចៅក្រមចំនួន៤នាក់ដែលធ្លាប់ធ្វើជាប្រធានតុលាការក្រុងភ្នំពេញកន្លងមក គឺលោកចៅក្រម អាំង មាលតី ជាប់ឈ្មោះជាចៅក្រមកាន់តំណែងនេះមានរយៈពេលខ្លីជាងគេបំផុតសឹងមិនគួរឲ្យជឿ (រយៈពេលមិនដល់១ឆ្នាំផង) ។
លោកចៅក្រម អាំង មាលតី អាយុ៥៨ឆ្នាំ អតីតប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ(កាន់តំណែងជិត៧ឆ្នាំ) ត្រូវបានផ្ទេរភារកិច្ចឲ្យមកបម្រើការងារជាប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៤/៤៤៨ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤ (ជំនួសលោកចៅក្រម ជីវ កេង ដែលបានកាន់តំណែងជាប្រធានសាលាដំបូងរាជធានីភ្នំពេញជិត១០ឆ្នាំ) ។
ឈានចូលមកដល់ដើមឆ្នាំ២០១៥ ខណៈមានការបែកធ្លាយពាក់ព័ន្ធករណីដោះលែងជនត្រូវចោទឈ្មោះ ថោង ចំរើន និងឈ្មោះ កែវ សារី ត្រូវជាឪពុក-ម្តាយលោកឧកញ៉ា ថោង សារ៉ាត់ ឲ្យឋិតនៅក្រៅឃុំបណ្តោះអាសន្ន មានភាពមិនប្រក្រតី ផ្អើលដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសជាសាធារណៈនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ថា មានបង្កប់ដោយអំពើពុករលួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារអាមេរិកនោះ លោកចៅក្រម អាំង មាលតី ដែលជាចៅក្រមតែម្នាក់គត់ធ្វើការសម្ញែងអំពីសញ្ញាបត្របណ្ឌិតមកពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា(CUP-ខាប់) ជាចៅក្រមម្នាក់គត់ដែលរាយការណ៍ជូនបុរសខ្លាំងជានាយករដ្ឋមន្ត្រី ដោយហ៊ានធានាដាក់ជីវិត និងជាចៅក្រមចូលចិត្តដាក់តាំងរូបថតបុរសខ្លាំង និងភរិយា ព្រមទាំងរូបថតរួមគ្នាជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ហ៊ីង ប៊ុនហៀង នៅក្នុងការិយាល័យធ្វើការ ជាចៅក្រមមានទំនាក់ទំនងស្និទ្ធជាមួយឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រូវបានដកហូតមុខតំណែងយ៉ាងតក់ក្រហល់ពីប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៥/១២៣ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយតែងតាំងលោកចៅក្រម តាំង ស៊ុនឡាយ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាប្រធានជំនួសវិញ ។ លើសពីនេះ សំណុំរឿងអាស្រូវពុករលួយរបស់លោកចៅក្រម អាំង មាលតី ក៏បានធ្លាក់ទៅក្នុងដៃអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ផង និងក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមផង ។
បច្ចុប្បន្ន ទាំងក្រសួងយុត្តិធម៌ ទាំងក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ទាំង ACU មិនទាន់បានប្រកាសឲ្យដឹងជាផ្លូវការ អំពីលទ្ធផលនៃការស៊ើបអង្កេត ស្រាវជ្រាវទៅលើកំហុសឆ្គងនៃការប្រព្រឹត្តអំពើពុករលួយ និងការរំលោភបំពានច្បាប់របស់លោកចៅក្រម អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញនោះនៅឡើយទេ ។
សរុបសេចក្តីមក លោកចៅក្រម អាំង មាលតី ដែលជាចៅក្រមសម្បូរទ្រព្យធនមួយរូបផង និងមានកូនបង្កើតច្រើននាក់បានធ្វើជាចៅក្រម និងធ្វើជាប៉ូលិសផងនោះ ជាប់ឈ្មោះជាចៅក្រមកាន់តំណែងប្រធានតុលាការក្រុងភ្នំពេញមានរយៈពេលខ្លីជាងគេបំផុត ។
មជ្ឈដ្ឋាននានាកំពុងរង់ចាំមើលដែរថា តើលោកចៅក្រម តាំង ស៊ុនឡាយ ជាសិស្សចៅក្រមជំនាន់ទី១សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ដែលបានឡើងកាន់តំណែងជាប្រធានសាលាដំបូងរាជធានីភ្នំពេញនោះ នឹងកាន់តំណែងបានរយៈពេលប៉ុន្មានដែរ ? ៕