ទីភ្នាក់ងារសារព័ត៌មានចិន Xinhua ចេញផ្សាយនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥នេះ ឲ្យដឹងថា ការសិក្សាដោយវិទ្យាស្ថានប៉ារ៉ាសិតសាស្ត្ររបស់វៀតណាម បានឲ្យដឹងនាពេលថ្មីៗនេះថា គឺប្រជាជនវៀតណាមប្រមាណពាក់កណ្តាលនៃចំនួនប្រជាជនសរុបក្នុងប្រទេស កំពុងផ្ទុកនូវសត្វព្រូន ឬសត្វល្អិតប៉ារ៉ាសិតដទៃទៀតក្នុងខ្លួន ដែលនាំឲ្យប្រជាជនទាំងជាង៤៥លាននាក់នោះមានសុខភាពមិនល្អ និងក៏អាចចម្លងទៅកាន់អ្នកដទៃថែមទៀត តាមរយៈការបរិភោគអាហារមិនស្អាត និងការរស់នៅមិនស្អាត ។
ការស្ទាបស្ទង់នៅទីក្រុងហូជីមិញ បានបង្ហាញឲ្យឃើញថា ឪពុកម្តាយចំនួន៥៦,៤ភាគរយ មិនដែលធ្វើការបញ្ចុះសត្វល្អិតប៉ារ៉ាសិតឲ្យកូនរបស់ខ្លួនទេក្នុងរយៈពេលរៀងរាល់៦ខែ ខណៈឪពុកម្តាយចំនួន៤,១ភាគរយទៀត គឺមិនដែលបញ្ចុះសត្វល្អិតប៉ារ៉ាសិតឲ្យកូនៗរបស់ខ្លួនតែម្តង ។
ក្រសួងសុខាភិបាលវៀតណាមបានចេញសេចក្តីណែនាំរួចហើយឲ្យប្រជាជនទាំងអស់ធ្វើការបញ្ចុះសត្វល្អិតប៉ារ៉ាសិតពីក្នុងខ្លួន យ៉ាងហោចណាស់ក៏បានចំនួន២ដងដែរក្នុង១ឆ្នាំ ។ ទន្ទឹមនេះ ក្រសួងសុខាភិបាលវៀតណាមក៏បានបញ្ជាក់អំពីមូលហេតុដែលនាំឲ្យកើតសត្វល្អិតប៉ារ៉ាសិតនៅក្នុងរាងកាយមនុស្សនោះ គឺដោយសារការបរិភោគអាហារមិនស្អាត ការរស់នៅមិនស្អាត និងការមិនបញ្ចុះសត្វល្អិតប៉ារ៉ាសិតឲ្យបានទៀងទាត់ ៕