ទីបំផុត លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលជាព្រះរាជអាជ្ញារងល្បីឈ្មោះម្នាក់ខាងទទួលរងការរិះគន់ពីគណៈគ្រប់គ្រងសាកលវិទ្យាល័យ PPIU កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៤ និងធ្លាប់ប៉ះពាល់ពាក្យសម្តីតឹងសរសៃកជាមួយឯកឧត្តម សុន ឆ័យ អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ កាលពីអំឡុងខែតុលា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យនោះ ត្រូវបានលោក សែម សុវណ្ណដេត អតីតជាអ្នកគ្រប់គ្រងប្រតិបត្តិគម្រោងក្រុមហ៊ុនស្ថានីយ៍ទូរទស្សន៍-វិទ្យុអាស៊ីអាគ្នេយ៍ និងបច្ចុប្បន្នជាទណ្ឌិតកំពុងជាប់ឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល និងជាជនត្រូវចោទនៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ១១៨៥ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ របស់សាលាដំបូងរាជធានីភ្នំពេញ សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៥ម្សិលមិញនេះ ដោយប្តឹងចោទប្រកាន់ពីបទបើកការស៊ើបសួរលើរូបលោកដោយបំពាននីតិវិធីច្បាប់ធ្ងន់ធ្ងរ ។
លោក មាស ច័ន្ទពិសិដ្ឋ ជាសិស្សចៅក្រមជំនាន់ទី១ សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ធ្លាប់ត្រូវបានតែងតាំងជាព្រះរាជអាជ្ញារងកម្មសិក្សានៅអយ្យការអមសាលាដំបូងខេត្តតាកែវ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៥/៥៣៤ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៥ និងត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌនៃអង្គចៅក្រម បម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តតាកែវ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២០៧/០៦៧ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០៧ ។ ក្រោយមកទៀត លោក មាស ច័ន្ទពិសិដ្ឋ ដែលល្បីល្បាញថា ជាមន្ត្រីតុលាការសម្បូរទ្រព្យធន និងមានចរិតឆ្មើងឆ្មៃនោះ ត្រូវបានផ្ទេរភារកិច្ចឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១០/១២៤ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១០ ទល់បច្ចុប្បន្ន ពោលគឺមានរយៈពេលជាង៥ឆ្នាំហើយ ។
សារព័ត៌មានដើមត្នោតសូមរក្សាសិទ្ធិធ្វើការចុះផ្សាយនូវពាក្យបណ្តឹង ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៥ របស់លោក សែម សុវណ្ណដេត ដែលប្តឹងលោកព្រះរាជអាជ្ញារងល្បីឈ្មោះ មាស ច័ន្ទពិសិដ្ឋ គោរពជូនលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល និងជាសមាជិកាឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដូចខាងក្រោម ៖